ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹក​ថ្ងៃទី​២០​ ខែកុម្ភ: ឆ្នាំ២០២៥​ លោកជំទាវ​បណ្ឌិត ដាំ​ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ ប្រធាន(ស.ស.យ.ក) លោក ស្រ៊ុន  ស្រ៊ន់ អភិបាលរង​ខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី ពិនិត្យព្យាបាល និងវះកាត់ដោយឥតគិតថ្លៃជូនដល់កុមារដែលមានបញ្ហាមិនប្រក្រតីពីកំណើត ដោយក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកុមារជាតិ សហការជាមួយសម្ភ័ន្ធគ្រូពេទ្យ(ស.ស.យ.ក​)  ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ប្រធាន​ អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ លោក​ លោកស្រីវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ និងក្មួយៗជាច្រើនរូបទៀត ពិធីនេះប្រារព្ធធ្វើនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

លោក ស្រ៊ុន  ស្រ៊ន់ អភិបាលរង​ខេត្តកំពង់ស្ពឺ​ កោតសរសើរដល់មន្ទីរពេទ្យខេត្តកំពង់ស្ពឺ បានសហការជាមួយសម្ព័ន្ធគ្រូពេទ្យ(សសយក) និងក្រុមគ្រូពេទ្យមន្ទីរពេទ្យកុមារជាតិ រៀបចំកម្មវិធីពិនិត្យព្យាបាល និងវះកាត់ជូនដល់កុមារ ដែលមានបញ្ហាសរីរាង្គ មិនប្រក្រតីពីកំណើតចំនួន ១២៣ នាក់ (ដោយឥតគិតថ្លៃ)។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ មានគ្រូពេទ្យចូលរួម ចំនួន ៧០ រូប ដែលក្នុងនោះមានក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យកុមារជាតិ ចំនួន ៣៥ រូប គ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺចំនួន ៣៥ រូប និងមាន ក្រុមយុវជន ស.ស. យ.ក វិស័យសុខាភិបាលខេត្តកំពង់ស្ពឺ ចំនួន ៣០ រូប ជួយក្នុងការសម្របសម្រួលក្នុងកម្មវិធី នេះផងដែរ។

មានប្រសាសន៍ក្នុងកម្មវិធីនោះដែរ លោកជំទាវ​បណ្ឌិត​ ​ដាំ​ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តកំពង់ស្ពឺ ជាពិសេសមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងស.ស.យ.ក. ខេត្តកំពង់ស្ពឺ ដែលបាន ផ្តល់កិច្ចសហការគាំទ្រយ៉ាងពេញទំហឹងក្នុងការរៀបចំកម្មវិធីនេះឡើង និងបានសំណេះសំណាលជាមួយអាណាព្យាបាល និងកុមារា កុមារី ដែលមកពិនិត្យ ព្យាបាល និងវះកាត់ដោយឥតគិតថ្លៃ​ កម្មវិធីនេះគឺចាប់ពីថ្ងៃទី២០ ដល់​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥​។

លោកជំទាវបានបន្តថា ប្រាកដណាស់ កុមារគឺជាទំពាំងស្នងឬស្សី និងជាធនធានមនុស្សដ៏មានសារៈ សំខាន់នាពេលអនាគតរបស់ប្រទេសជាតិ ក្នុងន័យនេះ សុខុមាលភាពកុមារ តែងតែត្រូវបានយកចិត្តទុកដាក់ និងចាត់ទុកជាកត្តាអាទិភាព ដោយរាជរដ្ឋាភិបាលកម្ពុជា នាអាណត្តិកន្លងទៅ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ហើយកិច្ចការនេះ នៅតែជា អាទិភាពរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន​ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ការគិតគូរពីបញ្ហាសុខភាព និងសុខុមាលភាពសាធារណៈ​ ហើយកត្តាសុខភាព គឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ដែលជាចំណែកផ្តល់ឱកាសឱ្យយើងអាចសិក្សារៀនសូត្រ និងប្រកបការងាររកស៊ី ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យ សេចក្តីសុខ និងសុភមង្គលផ្ទាល់ខ្លួន ក្នុងក្រុម គ្រួសារ ក៏ដូចជាក្នុងសង្គមជាតិទាំងមូលផងដែរ។ ក្នុងន័យនេះ លោកជំទាវ បានលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខភាព និងប្រកាន់ខ្ជាប់នូវការរស់នៅស្អាត មានអនាម័យជាប្រចាំ ដើម្បីធានានូវសុខភាពល្អ សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

លោកជំទាវបានបន្តទៀតថា​ ការពិនិត្យព្យាបាល និងវះកាត់ជំងឺជូនកុមារា កុមារីដោយឥតគិតថ្លៃនាពេលនេះ គឺជាការចូលរួមចំណែកមួយផ្នែកជាមួយរដ្ឋាភិបាលក្នុងស្មារតីមនុស្សធម៌សុទ្ធសាធ ស្របជាមួយនឹងការស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះ ក្មួយៗកុមារា កុមារីទាំងអស់ ដែលអនាគតរបស់កម្ពុជា ដោយមិន មានការរើសអើង ឬប្រកាន់និន្នាការនយោបាយនោះទេ​  ដែលមានក្រសួងសុខាភិបាល ជាសេនាធិការ និងមន្ទីរសុខាភិបាលខេត្ត ក្នុងការលើកកម្ពស់សុខុមាលភាព និងកាយសម្បទា របស់កុមារា កុមារីនៅតាមមូលដ្ឋាន ព្រមទាំងជាការចូលរួមសម្រាលបន្ទុក ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមួយកម្រិតផងដែរ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed