(ខេត្តកំពង់ស្ពឺ) ៖ លោក ស៊ូ សុន្ធរ៉ា  ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹងថា ស្ពានបេតុងចំនួនពីរកន្លែង ជំនួសស្ពានចាស់ តូចចង្អៀត ទ្រុឌទ្រោមឡើងភ្នំគិរីរម្យ បានបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់បណ្តោះអាសន្នហើយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរមកលេងកម្សាន្តនៅលើភ្នំ គិរីរម្យនេះ។

លោក ស៊ូ សុន្ធរ៉ា ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងទៀតថា ស្ពានបេតុងពីរកន្លែង ជំនួសស្ពានចាស់ តូចចង្អៀត ទ្រុឌទ្រោម បង្កឱ្យមានការកកស្ទះអ្នកដំណើរពេលបុណ្យទានម្តងៗ លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈគីរីរម្យ (ឧទ្យានជាតិគីរីរម្យ)ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបើកឱ្យប្រជាពលរដ្ឋបើកបរឆ្លងកាត់បណ្តោះអាសន្នហើយកលាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ប្រធានមន្ទីរសាធារណការ  បានបន្ថែមទៀតថា ការបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្ននេះ ក៏ជាផ្នែកមួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅទស្សនាកម្សាន្តព្រឹត្តិការណ៍ «បុណ្យភ្នំ» ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ផងដែរ។ គម្រោងស្ថាបនាស្ពានបេតុង២កន្លែង អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនេះរួមមាន៖ ស្ពានទី១ ប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គ.ម ១៤+១០០(ស្ពានអូរកសេះ) និងស្ពានទី២ ប្រវែង៣៦ម៉ែត្រ ទទឹង ៩ម៉ែត្រ ត្រង់គ.ម២២+៥០០(ស្ពានអូរតាសេក)។ ស្ពានដ៏គត់មត់នេះ សម្រេចការសាងសង់ស្ទើរ១០០%ហើយ ក្រោយបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ។ ការដ្ឋានគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៥នេះ ព្រមទាំងដាក់ឱ្យដំណើរការប្រើប្រាស់ផ្លូវការនៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed