ភ្នំពេញ÷កិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE (Saving Asia’s Vultures from Extinction) លើកទី១៤ នៅកម្ពុជាកំពុងដំណើរការ។ SAVE គឺជាសម្ព័ន្ធនៃដៃគូស្ថាប័នអភិរក្សមកពីប្រទេសជាច្រើនជុំវិញអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលខិតខំប្រឹងរួមគ្នា ដើម្បីការពារការរស់រានមានជីវិតរបស់សត្វត្មាតនៅទ្វីបអាស៊ី។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយ CVWG (ក្រុម ការងារអភិរក្សសត្វត្មាតកម្ពុជា) និងក្រសួងបរិស្ថាននៅសណ្ឋាគារភ្នំពេញអ៉េរា រាជធានីភ្នំពេញ។
ប្រភពពីអង្គការ NatureLife ឱ្យដឹងនៅរសៀលថ្ងៃទី ១៧ ខែកុម្ព: ឆ្នាំ ២០២៥ថា ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា មានសមាសភាពបច្ចេកទេសចូលរួមពី នាយកដ្ឋានជំនាញនៃ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនឹងអង្គការអភិរក្សនានារួមមាន ACCB, NatureLife Cambodia, Rising Phoenix, WCS, WWF, CBGA, SVC-Tours និងមជ្ឈមណ្ឌលសម្រាប់អភិរក្សជីវចម្រុះ។
ក្នុងរយៈពេល២ថ្ងៃបន្ទាប់នេះ អ្នកចូលរួមជាង៦០នាក់នឹងទទួលបានព័ត៌មានពីការធ្វើបច្ចុប្បន្នភាពពីក្រុម ការងារអន្តរជាតិមកពី៦ប្រទេស ការពិភាក្សា ស្វែងយល់អំពីប្រធានបទសំខាន់ៗមួយចំនួន រួមទាំងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងជាបន្ទាន់ចំពោះសត្វត្មាត ការរួមចំណែករបស់ក្រុមការងារ និងផែនការសកម្មភាពជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការឆ្លងដែនផងដែរ។
អង្គការ NatureLife រំពឹងថា កិច្ចប្រជុំដ៏មានតម្លៃ និងប្រកបដោយផលិតភាពនាពេលនេះ នឹងជាឱកាសដ៏ល្អមួយ ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកទាំងអស់នៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ចំពោះការអភិរក្សសត្វត្មាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕