(ភ្នំពេញ) ៖ ការវិវឌ្ឍន៍នៃប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិតបាននិងកំពុងពង្វក់ស្មារតីប្រជាពលរដ្ឋ,មន្ត្រីរាជការ,កងកម្លាំងប្រដាប់អាវុធ តាមប្រព័ន្ធអ៊ីនធឺណិតអនឡាញ។ ល្បែងស៊ីសងច្រើនប្រភេទមានទាំងឡុកឡាក់,ឆ្នោតឡូតូនិងមាន់ជល់ជាដើម..ត្រូវបានគេផ្សព្វផ្សាយតាមអ៊ីនធឺណិតយ៉ាងគគ្រឹកគគ្រេងហើយអាជ្ញាធរជំនាញមានសមត្ថកិច្ចលំបាកក្នុងការតាមបង្ក្រាប។ វិធានការអនុវត្តច្បាប់ឲ្យ បានតឹងតែងកាត់ផ្ដាច់ដល់ឫសគល់គឺចាប់ក្រុមអ្នក បង្កើត group ល្បែងទាំងនោះយកមកផ្ដន្ទាទោសឲ្យ ខាងតែបានទើបកាត់បន្ថយបញ្ហានេះបាន។
group ល្បែងស៊ីសងមានមនុស្សចូលរួមរាប់ពាន់រាប់ម៉ឺននាក់ ពេលខ្លះមានរូបភាព,និងវីដេអូអាសអាភាសដើម្បីទាក់ទាញទៀតផង។ ពួកគេបានប្រើសំឡេងនៃប្រព័ន្ធ AI និងវិធីផ្សេងៗទៀត តាមរយៈការដាក់លុយត្រឹមតែ 4000 រៀលឬ១ដុល្លារក៏អាចចូលលេងល្បែង ស៊ីសងទាំងនោះបានដែរ។ វិធីទាក់ទាញនៃល្បែងស៊ីសងនីមួយៗគឺមានច្រើនប្រភេទ ជាពិសេសគឺការចាក់នៅឈ្នះលុយបានភ្លាមៗតែម្ដង។ វិធីញុះញង់ទាក់ទាញយ៉ាងនោះត្រូវគេសង្កេតឃើញថាមានមនុស្សជាច្រើនបានលង់ខ្លួននិងចាញ់បោក។
តាមរយៈ group ល្បែងស៊ីសងទាំងនោះ គេសង្កេត ឃើញថា ពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រីមួយចំនួនកំពុងវក់នឹងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតទាំងនេះហើយអាជ្ញាធរមានសមត្ថកិច្ចហាក់ដូចជា ដើរមិនទាន់ជាមួយពួកអ្នកបង្កើតល្បែងទាំងនោះទេ។ ប៉ុន្តែយ៉ាង ណាក៏ដោយប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចមានវិធានការតឹងតែងយ៉ាងពិតប្រាកដនោះ គេជឿថាអាចនឹងបង្ក្រាបបានចំពោះបញ្ហានេះពីព្រោះពួកគេអ្នកបង្កើត account ល្បែងស៊ីសងទាំងនោះ មិននៅក្រៅស្រុកនោះទេ។ នៅក្នុង clip ឬ logo ផ្សព្វផ្សាយល្បែងស៊ី សងទាំងនោះខ្លះមានភ្ជាប់ជាមួយលេខទូរសព្ទទៀត ផង។ ដូច្នេះមិនលំបាកក្នុងការបង្ក្រាបទេ។
កាលពីឆ្នាំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញវិធានការក្នុងការបង្ក្រាបទាំងស្រុងចំពោះការផ្សព្វផ្សាយល្បែងស៊ីសងតាមអ៊ីនធឺណិត។ មិនតែប៉ុណ្ណោះល្បែងស៊ីសងដោយផ្ទាល់នៅតាមមូលដ្ឋាននានា ក៏ត្រូវចាត់វិធានការបង្ក្រាបឲ្យខាងតាបានផងដែរ។ នៅពេលដែលសមត្ថកិច្ចចាប់ ផ្ដើមបង្ក្រាបល្បែងស៊ីសងដោយផ្ទាល់នៅតាមមូលដ្ឋាននោះ ពេលនេះ ស្រាប់តែលេចចេញនៅវត្តមានល្បែងស៊ី សងតាមអ៊ីនធឺណិតដែលគេបង្កើតជា group ហើយបង់លុយតាមប្រព័ន្ធធនាគារ ដោយការបង្កើតអាខោនសម្រាប់លេងតែម្ដង។
ករណីនេះគឺជាប្រការមួយដ៏លំបាកដែលទាមទារឲ្យអាជ្ញាធរមានវិធានការនិងមានសមត្ថភាពខ្ពស់ក្នុងការចាត់វិធានការបង្ក្រាបឲ្យបានតឹងរឹងបំផុត។ ប្រសិនបើមិនមានវិធានការឲ្យបានទាន់ពេលវេលាទេនោះវានឹងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋជាពិសេសអ្នកដែលចូលចិត្តលេងល្បែងស្រីសងតាមប្រព័ន្ធអ៊ីនធឺណិតនេះ៕