ខេត្តកំពង់ស្ពឺ៖ កាលព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់សហគ្រាសសិប្បកម្មផលិតជីកាកម្ម និងអ្នកលក់ដុំ លក់រាយជី និងថ្នាំកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ។
នៅក្នុងឱកាសនោះឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ការប្រើប្រាស់ជីកសិកម្ម ថ្នាំកសិកម្ម បានត្រឹមត្រូវ វាបានជួយបង្កើនប្រសិទ្ធភាពលើដំណាំ និងមានសុវត្ថិភាពទាំងកសិករទាំងអ្នកប្រើប្រាស់។ ដូច្នេះអាជីវករលក់ដុំលក់រាយនូវជីកសិកម្ម និងថ្នាំកសិកម្ម ត្រូវចូលរួមបំពេញតួនាទីជាស្ពានចម្លង ណែនាំ និងពន្យល់ដល់កសិករ ដែលទិញជីកសិកម្ម ថ្នាំកសិកម្មយក ទៅប្រើប្រាស់ឱ្យស្របតាមបច្ចេកទេស និងណែនាំពួកគាត់ឱ្យទិញជីនិងថ្នាំកសិកម្ម ដែលមានចុះបញ្ជីត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ និងបង្ហាញអំពីហានីភ័យ និងគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយថ្នាំកសិកម្ម ជីកសិកម្ម ឱ្យមានការប្រុងប្រយ័ត្នចំពោះការទិញ ជីកសិកម្ម ថ្នាំកសិកម្មក្លែងគុណភាព ដែលបង្កឱ្យមានការខាតបង់ក្នុងផលិតកម្មដំណាំ ព្រមទាំងបង្កគ្រោះថ្នាក់ ដល់សុខភាពសារធារណៈ និងបរិស្ថាន។
ឯកឧត្តម គង់ ច័ន្ទវាសនា បានលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយអាជីវករលក់ដុំលក់រាយថ្នាំ និងជីកសិកម្ម ក្នុងខេត្តកំពង់ស្ពឺ នាព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។
ជាមួយគ្នានោះ អភិបាលរងខេត្តកំពង់ស្ពឺ ឯកឧត្តម ហន ភក្តី មានប្រសាសន៍ថា ត្រូវយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងស្តង់ដា នៃការប្រើប្រាស់ ថ្នាំកសិកម្ម តាមលក្ខណះបច្ចេកទេស និងបានស្នើដល់អាជីវករ លក់ដូរតែជីកសិកម្ម ថ្នាំកសិកម្មណា ដែលមានប្រភពស្របច្បាប់ត្រឹមត្រូវ មានស្លាកសញ្ញាព័ត៌មានជាភាសាខ្មែរ មានលេខបញ្ជីកាលើសំបកវេចខ្ចប់ និងមានលិខិតអនុញ្ញាតនាំចូល ស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងជី ថ្នាំកសិកម្ម។
បើយោងរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំឆ្នាំ២០២៥នេះ ខេត្តមានដេប៉ូលក់ដុំនិងលក់រាយជីកសិកម្មថ្នាំកសិកម្មសរុប ៩៧ដេប៉ូ។ នៅឆ្នាំ២០២៤កន្លងទៅ មន្ទីរបានចុះធ្វើអធិការកិច្ចបាន ៤៨លើកស្មើ ១៩១ ដេប៉ូ និងបាន បើកវគ្គបណ្តុះបណ្រាលច្បាប់នៃការគ្រប់គ្រងជីកសិកម្ម និងថ្មកសិកម្ម បាន៩វគ្គផងដែរ៕