(ភ្នំពេញ) ÷បន្ទាប់ពីមានការភ្ញាក់ផ្អើលករណីមានអ្នកបើក បររថយន្តបញ្ជ្រាស់ទិសលើផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៥នេះមកលោកផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹក ជញ្ជូនបានបញ្ជាក់ឲ្យដឹងថា សូមជម្រាបជូនដល់សាធារណជន បណ្តាញសារព័ត៌មាន ជាពិសេសអ្នកប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩និង ១៣នាទី មានរថយន្ត១គ្រឿង ម៉ាកTOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CA-0452 ដែលបានដាក់ Blacklist កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៥ (ករណីលួចប្រាក់) បានធ្វើដំណើរលើផ្លូវល្បឿនលឿនចូលតាមច្រកស្ថានីយភ្នំពេញ K3 រហូតដល់ច្រកចេញស្ថានីយ៍ព្រះសីហនុ K182 ត្រូវបានឃាត់ទុក ស្រាប់តែម្ចាស់រថយន្តខាងលើបត់ត្រឡប់ក្រោយ បើកបញ្ច្រាស ទិសដៅទៅភ្នំពេញវិញដើម្បីគេចពីសមត្ថកិច្ច។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា កម្លាំងនគរបាលចរាចរណ៍ ប្រចាំការនៅស្នាក់ការគោលដៅស្ទឹងហាវ K172 បានរៀបចំកម្លាំងឃាត់រថយន្តខាងលើ នៅចំណុច ច្រកចូលស្ថានីយ៍ស្ទឹងហាវ ប៉ុន្តែអ្នកបើកបរនៅតែមិនឈប់ និងបន្តដំណើរបើកបញ្ច្រាសរហូតទៅដល់ចំណុច K147+400 ដែលស្ថិតនៅភូមិរិទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ អ្នកបើកបរបានចុះឈប់រថយន្ត រត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់។
អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា បច្ចុប្បន្នកម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈប្រចាំការនៅផ្លូវល្បឿនលឿន បានប្រគល់រថយន្តខាងលើឲ្យទៅកម្លាំងការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុអនុវត្តតាមនីតិវិធី៕