ខេត្តកំពង់ស្ពឺ៖ រោងចក្រកែច្នៃស្វាយ១កន្លែងយីហោសានផ្លាស អ៊ីនធើណេសិនណល ឯ.ក មានទីតាំងនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងការរិះគន់ពីប្រជាពលរដ្ឋថា បានបង្ហូរទឹកសំណល់ ចូលប្រឡាយធម្មជាតិ និងជះក្លិនស្អុយខ្លាំងប៉ះដល់ប្រជាពលរដ្ឋ,សិស្សានុសិស្សដែលរស់នៅក្បែរទីតាំងនោះ។
ពី១ថ្ងៃទៅ១ថ្ងៃក្លិនកាន់ប៉ះពាល់ខ្លាំងហើយនៅតែមិនមានអាជ្ញាធរ ឬសមត្ថកិច្ចដឹងឮឬជួយដោះស្រាយនោះ ប្រជាពលរដ្ឋរស់នៅក្បែររោងចក្រ សានផ្លាស អ៊ីនធើណេសិនណល ឯ.ក ធ្លាប់បាននាំគ្នាផ្ដិតមេដៃធ្វើលិខិតស្នើសុំកិច្ច អន្ដរាគមន៍ ពីអាជ្ញាធរខេត្ត ពិសេសស្ថាប័នជំនាញមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ជួយដោះស្រាយបញ្ហាដែលបង្កដោយរោងចក្រខាងលើតែមិនមានដំណោះស្រាយ។
ប្រជាពលរដ្ឋបានអះអាងថា បច្ចុប្បន្ននេះពួកគាត់បានជួបការលំបាកក្នុងការរស់នៅប្រចាំថ្ងៃជាខ្លាំង ដោយ ហេតុថា រោងចក្របានបញ្ចេញកាកសំណល់ទឹកកខ្វក់ចូលប្រឡាយធម្មជាតិ និងជះក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន ពិសេសសិស្សានុសិស្សតូចៗដែលសិក្សារៀន សូត្រក្នុងសាលានៅក្បែរទីតាំងរោងចក្រ។
ក្នុងន័យនេះ ប្រជាពលរដ្ឋបានស្នើសុំយ៉ាងទទូចដល់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ដើម្បីជួយពិនិត្យលើផលប៉ះពាល់របស់ពួកគាត់ដែលបង្កដោយរោងចក្រកែច្នៃស្វាយខាងលើ ពិសេសដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ និងកូនតូចសិស្សសាលា។ ករណីនេះកន្លងទៅ ក៏ធ្លាប់មានប្រជាពលរដ្ឋប្ដឹងទៅសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានដែរ ប៉ុន្ដែមិនទាន់មានដំណោះស្រាយណាមួយនោះទេ៕