(ភ្នំពេញ) ៖ នគរបាលប៉ុស្តិ៍ចោមចៅទី១ ឃាត់ខ្លួនបុរសម្នាក់និងម្នាក់ទៀតរត់គេចខ្លួនបន្ទាប់ពីពួកគេបានណាត់នារីម្នាក់ដែលទើបស្គាល់គ្នាតាម Telegram នៅម្តុំស្ទឹងមានជ័យ រួចក៏ឌុបនាងទៅកន្លែងស្ងាត់ដើម្បីរួមរក្សតែនាងមិនយល់ព្រម ទើបមានការប្រតាយប្រតប់ ហើយនាងបានរត់ចូលដីឡូត៍ក្បែរនោះរួចខ្លួន និងបានទូរសព្ទឱ្យបងប្អូនមកយកនាងទៅវិញ ក៏ស្រាប់តែជួបជន សង្ស័យនៅតាមផ្លូវវេងស្រេង ក៏ចាប់ឃាត់ខ្លួនជូនសមត្ថកិច្ចចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើត ឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០២ និង៣០នាទី រំលងអធ្រាត្រនៅចំណុច ស្ថិតនៅភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះហ៊ុយ សក្កា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអ្នកលក់អនឡាញ ស្នាក់ នៅបន្ទប់ជួលគ្មានលេខ ភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងជនសង្ស័យម្នាក់ទៀតមិនស្កាល់ឈ្មោះ ហៅក្រៅអាអូន គេចខ្លួន។
ចំណែកជនរងគ្រោះ អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់ នៅបន្ទប់ជួលលេខ២ ភូមិឫស្សីស្រស់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ភ្នំពេញ។ សមត្ថកិច្ចដកហូតសម្ភារៈ វត្ថុតាង ម៉ូតូ០១គ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1KC-7614 ទូរស័ព្ទ៣គ្រឿង ម៉ាកIPHONE XS MAX ពណ៌ស ម៉ាកTECON ពណ៌ខ្មៅ និង ម៉ាកOPPO ពណ៌ខៀវ។
សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុនៅថ្ងៃទី៨ ខែកុម្ភៈ កុម្ភៈ ឆ្នាំ ២០២៥ ម៉ោង ២៖៣០ នាទីទាបភ្លឺ មុនកើតហេតុ ជនសង្ស័យ ឈ្មោះ ហ៊ុយ សក្តា បានឆាតតាមតេឡេក្រាមទៅជនរងគ្រោះ ដែលជាមនុស្ស ទើបស្កាល់គ្នា ណាត់ជួបគ្នានៅម្ដុំស្ទឹងមានជ័យ បន្ទាប់មកជនសង្ស័យ បានជិះម៉ូតូ១គ្រឿង ម៉ាកស្កុបពី មានគ្នា២នាក់ ទៅដឹកជនរងគ្រោះ ដើម្បីយកមក រួមរក្សគ្នា ។
លុះដល់ចំណុចខាងលើ ក៏កើតជាជម្លោះ ដោយខាងស្រីមិនព្រមរួមរក្ស ជាមួយ ហើយរត់ចូលដីឡូត៍ ដែលនៅក្បែរនោះហើតស្រែកឱ្យគេជួយ។ ភ្លាមៗនោះជនសង្ស័យបានជិះម៉ូតូគេចទៅបាត់ ចំណែកជនរងគ្រោះ បានទាក់ ទងទៅបងប្អូនមកយក ត្រឡប់ទៅផ្ទះវិញ ។ លុះជិះដល់ចំណុចផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែជួប ជនសង្ស័យខាងលើ ក៏ឃាត់ខ្លួននាំទៅប៉ុស្តិ៍ ចោមចៅទី១ ម្ដង ។
ក្រោយពីសាកសួររួច ប៉ុស្តិ៍ចោមចៅបានប្រគល់មកប៉ុស្តិ៍រដ្ឋបាលស្នោរចាត់ការបន្ត។ បច្ចុប្បន្នជនសង្ស័យខាងត្រូវបាននគរបាលនៃអធិការដ្ឋានខណ្ឌកំបូលកំពុងកសាងនិតិវិធីចាត់ការតាមផ្លូវច្បាប់៕