(ភ្នំពេញ) ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី នៅថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤នេះ តបតាមការអញ្ជើញរបស់សមភាគីសិង្ហបុរី។
តាមសេចក្តិប្រកាសព័ត៌មាននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងមានជំនួបទ្វេភាគីជាមួយលោកឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ដែលក្នុងឱកាសនោះថ្នាក់ដឹកនាំទាំងពីរនឹងផ្លាស់ប្ដូរទស្សនៈគ្នាអំពីមធ្យោបាយនានាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការ ទូតនៅឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏រំពឹងថានឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផល ប្រយោជន៍ និងក្តីបារម្ភរួម។
ក្រោយពីជំនួបពិភាក្សានោះ នឹងមានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន ហើយគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុនឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការផងដែរ។
ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី នឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយលោក ថាមេន ស្ហ្សានមូហ្គារ៉ាត់ណាម ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី និងលោកលី សៀនឡុង ទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី។
សម្តេចធិបតី នឹងចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលមានការចូលរួមពីតំណាងរដ្ឋាភិបាលនិងភាគីពាក់ ព័ន្ធនានា។ សម្តេចធិបតី នឹងអញ្ជើញទស្សនាវិទ្យាស្ថាន ពហុបច្ចេកទេសណានយ៉ាង និងមជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ីនធឺណិត (Electronics and Internet of Things) ព្រមទាំងអញ្ជើញទស្សនាអគារហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Keppel (Keppel´s Infrastructure@Changi ៕