ខេត្តកំពង់ចាម÷កម្លាំងនគរបាលស្រុកកំពង់សៀម នៅថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២៥ កំពុងស្រាវជ្រាវដើម្បីស្វែងរកជនដៃដល់ដែលធ្វើឱ្យខូចខាតដោយ ចេតនា ស្ថិតក្នុងភូមិទី៧ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
មន្ត្រីនគរបាលឲ្យដឹងថា សមត្ថកិច្ចបានទទួលព័ត៌មាន និងបណ្ដឹងពី ឈ្មោះ ឡេង ប៊ុនធឿន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិទី៦ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានប្ដឹងរាយការណ៍ថា មានករណីធ្វើឱ្យខូចខាតដោយចេតនា(កាប់បំផ្លិចបំផ្លាញដំណាំថ្នាំជក់) កើតឡើងនៅចំណុចដីចម្ការថ្នាំជក់ ស្ថិតក្នុងភូមិទី៧ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅចន្លោះម៉ោង២៣ និង ០០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ រហូតដល់វេលាម៉ោង ០២រំលងអាធ្រាតុឈានចូលថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥។ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្ត សញ្ញាណបានធ្វើសកម្មភាពកាប់បំផ្លាញដំណាំថ្នាំជក់អស់ប្រមាណជា ២៥០០០ដើម លើផ្ទៃដីទំហំ១៦ម៉ែត្រគុណនឹង ៧០០ម៉ែត្រ ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានទទួលបានបណ្ដឹងភ្លាម ក្រោមការដឹកបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម ចាត់កម្លាំងជំនាញនៃការដ្ឋាននគរបាលស្រុកកំពង់សៀមដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះសំរោង សហការជាមួយកម្លាំងកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្តដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថាញ់ សុខវ៉ុន ស្នងការរងទទួលជំនួយការិយាល័យព្រហ្មទណ្ឌស្រាល ចុះដល់ទីកន្លែងកើត ហេតុដើម្បីពិនិត្យ និងស្រាវជ្រាវ ករណីនេះសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវរៀបចំកសាង ឯកសារសំណុំរឿងតាមនីតិវិធី៕