(ខេត្តកណ្តាល) ៖ផ្លូវមួយខ្សែប្រវែង៣០០ ម៉ែត្រស្ថិតនៅសង្កាត់ព្រែកតាកូវត្រូវបានដោះដូរដើម្បីសម្រួលការធ្វើ ដំណើរ ជាពិសេសការចុះបញ្ជីជាប្រព័ន្ធ។ នេះបើតាមការឲ្យដឹងពី លោកអឿន សំអ៊ន ចៅសង្កាត់ព្រែកតាកូវ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើ។
ប្រជាពលរដ្ឋនៅសង្កាត់ព្រែកតាកូវក្រុងអរិយក្សត្របានប្រាប់អ្នកសារព័ត៌មានថា ត្រូវបានដោះដូរខុសពីផ្លូវចាស់ប្រហែល៥០ម៉ែត្រ ប៉ុន្តែផ្លូវថ្មីនេះត្រូវបានចាក់បេតុងល្អស្រួលធ្វើដំណើរជាងមុន។ លោកចៅសង្កាត់បានប្រាប់ថា នេះគឺជាការគិតគូរថ្មីមួយទៀតដើម្បីសម្រួលការធ្វើ ដំណើររបស់ប្រជាពលរដ្ឋតាមរយៈការចាក់ផ្លូវបេតុង។
ប្រភពបានឲ្យដឹងថា ផ្លូវថ្មីខាងលើមានទទឹង៦ម៉ែត្រនិងបណ្តោយជាង៣០០ម៉ែត្រស្ថិតនៅសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលត្រូវបានស្ថាបនាឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយគ្រាន់តែខុសពីផ្លូវដើមចម្ងាយប្រហែល ៥០ម៉ែត្រប៉ុណ្ណោះ។
លោក អឿន សំអ៊ន បដិសេធចំពោះពាក្យថា “លក់”ប៉ុន្តែវាគឺជាការ”ដោះដូរ” ។ លោកបញ្ជាក់ថា មិនមែនជាការ លក់ដូរទេ តែប្រជាពលរដ្ឋបានពិភាក្សាជាមួយក្រុមហ៊ុន ដោយឯកភាពជាមួយលោកអភិបាលក្រុង (អរិយក្សត្រ) ហើយខាងក្រុមហ៊ុនធ្វើផ្លូវថ្មីចាក់បេតុងជូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។ លោកចៅ សង្កាត់បានបន្ថែមថា ប្រជាពលរដ្ឋបានផ្ដិតមេដៃស្នើសុំស្នើរឲ្យមានការដោះដូរផ្លូវនេះ។
លោកចៅសង្កាត់ព្រែកតាកូវសង្កេតឃើញថា ព័ត៌មានមួយចំនួនបំផុសឡើងក្នុងចេតនាទាក់ទាញឲ្យមានការចាប់ អារម្មណ៍ឲ្យបានការឡាច,ស៊ែរនិងការចូលមើលច្រើនតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ខាងលើសាទរចំពោះសមិទ្ធផលថ្មីនេះហើយថាពួកគាត់រីករាយចំពោះអ្វីដែលអាជ្ញាធរសង្កាត់,ក្រុងបានរៀបចំធ្វើឡើងនៅពេលនេះ៕