(ខេត្តកំពង់ចាម) ៖កម្លាំងនគរបាលស្រុកព្រៃឈរ បានបើកប្រតិបត្តិការបង្ក្រាប ជនសង្ស័យម្នាក់ ដែលកាន់កាប់ដឹក ជញ្ជូនអាវុធ (កាំបិតខ្វែវ) ដោយគ្មានការអនុញ្ញាត និងគំរាមកំហែងជាសាធារណ: នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង១៥:៥៥នាទី នៅចំណុចភូមិអណ្ដូងតាពេជ្រ ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យម្នាក់ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ជាជនមានចរិតសកម្មភាពកាចសាហាវ ដែលឪពុកម្ដាយបងប្អូនសាច់ញាតិមិនហ៊ានរស់នៅជាមួយ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ និងជាជនមុខសញ្ញាទើបចេញពីពន្ធនាគា២លើក។
លើកទី ១ដោះលែងថ្ងៃទី ១៩.៦.២០១៩ ដែលជាប់ពន្ធនាគារ ៨ខែ នៅខេត្តកំពង់ចាម ពីបទធ្វើឲ្យខូចខាតដោយចេតនា កាលពីថ្ងៃទី១៦.១០.២០១៨និងលើកទី ២ដោះលែងថ្ងៃទី១៧.១១.២០២១ ដែលជាប់ពន្ធនាគារ០១ឆ្នាំ នៅខេត្តកំពង់ចាម ពីបទគំរាមកំហែងថានឹងសម្លាប់ និងធ្វើឲ្យខូចខាតដោយចេតនាកាលពីថ្ងៃទី ១៧.១១.២០២០ ។
ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យស្រវឹងស្រា ហើយខ្វែវ១ កាន់នឹងដៃ ជិៈម៉ូតូធ្វើសកម្មភាពដើរស្រែកឡូឡាគំរាមកំហែងជាសាធារណៈ ។ ពេលកំពុងធ្វើសកម្មភាព កម្លាំងសមត្ថកិច្ច បានសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំ នាំខ្លួនមុខសញ្ញាល្មើស យកមកសាកសួរបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងកាំបិតជាវត្ថុតាងនិងមធ្យោបាយធ្វើសកម្មភាព បានឃាត់ និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី តាមបញ្ជាលោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម តនិងបានធ្វើតេស្តស្វែងរកសារធាតុញៀនឃើញថា អវិជ្ជមាន។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីនេះមិនមានជន រងគ្រោះនិងគ្មានអ្នកដាក់ពាក្យបណ្ដឹងទេ សមត្ថកិច្ចធ្វើក្នុងនាមបណ្ដឹងអាជ្ញា ក្នុងការប្រើប្រាស់វិធានការបង្ការកុំឲ្យមានបទល្មើសផ្សេងៗកើតមានឡើងទៀត៕