ខេត្តកំពង់ចាម÷នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ ២០២៥នេះ រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំកម្មវិធី សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សួស ឡា ប្រធានសាលាដំបូងខេត្ត។
កម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងស្រុក-ក្រុង ទាំង១០ ។
លោកឧត្តមសេនីយ៍ទោហេង វុទ្ធី ស្នងការនគរបាលខេត្ត កំពង់ចាម អញ្ជើញចូលរួមក្នុងកម្មវិធីសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ ចាមដោយបានបង្ហាញរបាយការណ៍ឆ្នាំ២០២៤ បង្ក្រាបក្មេងទំនើងដែលទទួលបានលទ្ធផលគួរឲ្យមោទនភាព។
ក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានរាយការណ៍ លទ្ធផលបូកសរុបការងារ ការអនុវត្តគោល នយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព ជូនអង្គពិធី ដូចខាងក្រោម ÷
១-ការបង្ក្រាបសកម្មភាពក្មេងទំនើង ចំនួន៤០លើក ឃាត់ខ្លួន១៦៧នាក់ ដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ
បង្កភាពអនាធិបតេយ្យ បង្ហោះម៉ូតូ និងដាក់បំពង់ស៊ីមាំងកែច្នៃសម្លេង ដោយអនុវត្តវិធានការ បីគឺ វិធានការអប់រំ, វិធានការរដ្ឋបាល និងវិធានការច្បាប់ ។ ក្នុងនោះ អប់រំ ១៩នាក់ និង បញ្ជូនទៅតុលាការ ២១នាក់ និងបានដកហូត ម៉ូតូមករក្សាទុកនៅអធិការដ្ឋាន រយៈពេល ៣ខែ ១៣គ្រឿង និងរយៈពេល ៦ខែ ១គ្រឿង។
២-ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ចំនួន ៣០លើក ឃាត់ខ្លួន ១៥០នាក់ ដូចជាករណីជល់មាន់, លេងកន្ទុយ លេខ, លេងបៀរ, អាប៉ោង ជាដើម ព្រមទាំងដកហូតមធ្យោបាយ ឧបករណ៍ សម្ភារ ដែលជាភស្ដុតាង កសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់ ។
លោកឧត្តមសេនីយ៍ថ្លែងទៀតថា សម្រាប់ទិសដៅបន្ដ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងបន្ដខិតខំយកចិត្តទុកដាក់ប្រកបដោយស្មារតីខ្ពស់បំផុត លើកិច្ចការ ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ចាម ឱ្យទទួលបានភាពកក់ក្តៅដល់ការរស់នៅប្រកបដោយសុខដុមរមនា និងមានទំនុកចិត្តមកលើអាជ្ញាធរគ្រប់ជាន់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននឹងកំពុងយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាព បានយ៉ាងល្អ និងធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើមូលដ្ឋាន ។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានលើកយកសំណូមពរ ស្នើឱ្យគ្រប់សមាសភាពពាក់ព័ន្ធ បន្ដជំរុញការ ចូលរួមការអភិវឌ្ឍន៍គោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែផុលផុស និងកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ផងដែរ ៕