ខេត្តកំពង់ស្ពឺ៖ ខ្នងផ្សារគឺជាឋានសួគ៌ធម្មជាតិក្រោមមេឃមួយ ដែលអ្នកទេសចរណ៍មិនគួរមើលរំលងនោះទេ ដែលភ្នំខ្នងផ្សារនេះប្រសព្វមុំបីភ្ជាប់ខេត្តកំពង់ស្ពឺ កោះកុង និងខេត្តពោធិ៍សាត់។ បើយើងអាចធ្វើដំណើរទៅកាន់ទីនោះបាន តាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូម៉ែត្រទៅដល់ស្តុប ស្ថានីយ៍ប្រេងកាល់តិច(ច្បារមន)បត់ទៅស្តាំដៃហើយបន្តដំណើរ ប្រមាណ១គីឡូម៉ែត្រទៀត នោះយើងនឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅស្រុកឱរ៉ាល់តាមរយៈផ្លូវលេខ៤៤។ លើចម្ងាយផ្លូវប្រមាណជា៥០គីឡូម៉ែត្រយើងនឹងទៅដល់រង្វង់មូលមានរូបដំរី(ផ្សារកន្ទួត)នៃស្រុកឱរ៉ាល់។ នៅរង្វង់មូលនោះយើងអាចឈប់ទិញម្ហូបអាហារ ត្រីសាច់ ដើម្បីទុកបម្រុងសម្រាប់ការស្នាក់នៅមួយរយៈលើភ្នំខ្នងផ្សារ។ បន្ទាប់មកអ្នកទេសចរត្រូវបន្តដំណើរលើចម្ងាយផ្លូវដែលកំពុងឈូសឆាយប្រមាណ ៣៥គីឡូម៉ែត្រទៀត ដោយជិះកាត់តាមទេទឹកពុះ និងទំនប់តាសាល នោះយើងនឹងទៅដល់ភូមិមួយដែលមានឈ្មោះថាភូមិរលាក់កងជើង ដែលជាមាត់ច្រកដែលជិតជាងគេទៅកាន់កំពូលនៃភ្នំខ្នងផ្សារហើយ។

មុននឹងឡើងទៅលើភ្នំខ្នងផ្សារ ភ្ញៀវទេសចរទាំងអស់ត្រូវទៅចុះឈ្មោះជាមួយមន្ត្រីបរិស្ថាននៅស្នាក់ការបរិស្ថានជាមុនសិន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងជៀសវាងបាត់សមាជិកដោយប្រការណាមួយ។

ទន្ទឹមនេះភ្ញៀវទេសចរក៏តម្រូវឱ្យប្រជាសហគមន៍ទៅជាមួយផងដែរ ដើម្បីមើលការខុសត្រូវ ណែនាំ ការពារ ជួយស្ពាយអឺវ៉ាន់ និងដាំស្លរឲ្យយើងបរិភោគផងដែរ។ ភ្ញៀវទេសចរអាចគយគន់នូវទេសភាពព្រៃព្រឹក្សា អមទៅដោយសំឡេងសត្វបក្សាបក្សីស្រែកខ្ញៀវខ្ញារ ធ្វើឱ្យបាត់អស់ទុក្ខកង្វល់ រសាយអស់ជាមួយបរិយាកាសធម្មជាតិដ៏ស្រស់បំព្រងមួយនេះ។

ជាងនេះទៅទៀត ភ្ញៀវទេសចរនឹងគយគន់មើលទៅឆ្ងាយបន្តិច ឃើញដុំពពកហោះកាត់ព្រៃយ៉ាងក្រាស់ ជារសជាតិថ្មីមួយបែបទៀតដែលត្រូវបានភ្ញៀវទេសចរប្រសិទ្ធនាមឱ្យថាជា«ឋានសួគ៌ក្រោមមេឃ»។ភ្ញៀវទេសចរអាចគយគន់មើលវាលស្មៅស្រស់បំព្រងបៃតងខ្ចីនារដូវវស្សា អង្គុយគយគន់ថ្ងៃរះនាព្រឹកព្រលឹមស្រាងៗ និងថ្ងៃអស្តង្គតនាពេលល្ងាច ដែលទេសភាពដ៏ស្រស់ស្អាតទាំងនេះភ្ញៀវទេសចរគយគន់មិនចេះជិនណាយនោះឡើយ។

សម្រាប់ការសម្រាកនៅលើកំពូលភ្នំក្នុងដំណើរកម្សាន្ត ភ្ញៀវទេសចរ គួរតែត្រៀមតង់ឬអង្រឹងជាមួយនឹងដំបូលឬប្លាស្ទិកគ្របដើម្បីការពារជម្រៀបទឹកភ្លៀងឬក៏ទឹកសន្សើម ។មិនតែប៉ុណ្ណោះក៏ត្រូវត្រៀមនូវអាវ ឬភួយក្រាស់ៗដើម្បីដណ្តប់ប្រាណផងដែរ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំងណាស់។ប៉ុន្តែប្រសិនបើបងប្អូនមិនមានឬមិនបានដាក់ទៅជាមួយទេគឺអាចទាក់ទងជួលជាមួយប្រជាសហគមន៍បាន ដោយក្នុងមួយតង់តម្លៃ៤ម៉ឺនរៀលតែប៉ុណ្ណោះ និងអាចគេងបានពី២ទៅ៣នាក់ផងដែរ។

សូមរំឭកផងដែរទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមានបំណងឡើងទៅលើភ្នំខ្នងផ្សារ គួរតែត្រៀមនិងយកទៅជាមួយនូវអាហារក្រៀមៗទុកបានយូរ និងមានទម្ងន់ស្រាល ដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក មីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោក្រែម កាហ្វេ ហើយចំពោះអង្ករដាំបាយគឺទិញប្រជាសហគមន៍នៅទីនោះបាន។
មួយវិញទៀតក្រោមការគិតគូរនិងយកចិត្តទុកដាក់ពីមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ភ្នំខ្នងផ្សារត្រូវបានកសាងឱ្យមានបន្ទប់ទឹក និងបង្គន់អនាម័យសម្រាប់ការបន្ទោបង់និងងូតទឹកសម្អាតខ្លួនផងដែរ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed