ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នេះ សិស្សានុសិស្ស១៣០នាក់ ដែលកំពុងសិក្សារៀន សូត្រ នៅសាលាបឋមសិក្សាប៉ាក់ណាម ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានទទួលអំណោយជាសំភារៈសិក្សា និងថវិកាមួយចំនួន ផ្តល់ជូនដោយ លោកខៀវ កាញ្ញារីទ្ធ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហា ក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ។

ក្នុងឱកាសនោះ លោកបានថ្លែងថា ការនាំយកសៀវភៅមកតម្កល់ទុកនៅសាលាបឋមសិក្សាប៉ាក់ណាម គឺចង់កែប្រែបណ្ណាល័យប៉ាក់ណាម ទៅជាបណ្ណាល័យសហគមន៍ អាចឲ្យសិស្សដ៏ទៀតក្នុងស្រុកកោះសូទិន ទាំងមូលអាចចូលមកសិក្សា ក្រេបយកចំណេះដឹង សិក្សាស្រាវជ្រាវ និងជាឃ្លាំងប្រមូលផ្តុំដោយចំណេះ ជំនាញ ទៅថ្ងៃអនាគត់។

លោកក៏បានជំរុញទៅដល់ ចៅប្រុស ចៅស្រី ដែលកំពុងសិក្សារៀនសូត្រនៅសាលាបឋមសិក្សាប៉ាក់ណាម ឲ្យខិតខំ រៀនសូត្រ ប្រឹងប្រែង ព្យាយាមស្តាប់ការពន្យល់ របស់ លោកគ្រូ អ្នកគ្រូ ហើយធ្វើជាសិស្សល្អ កូនល្អក្នុងគ្រួសារ និងជាក្មេងល្អក្នុងសង្គម។ លោកក៏បានណែនាំទៅដល់ចៅៗ ឲ្យចេះលាងសំអាតដៃមុនចាប់កាន់អាហារ ឧស្សាហ៍ដុសធ្មេញមុនចូលគេង និង ត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត។

លោកឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើក ឡើងបន្ថែមថា រយៈពេញជាងមួយឆ្នាំមកនេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា ដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវខ្ពស់ក្នុងអាណត្តិទី៧ កម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ ជាមួយនឹងសមិទ្ធផលល្អៗ និងមានកំណើនលើគ្រប់វិស័យគួរជាទីគាប់ចិត្ត។

ទន្ទឹមពេលជាមួយគ្នានោះលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ លោកនាយកសាលា គណៈកម្មការសាលា ដែលកន្លងមក បានប្រឹងប្រែង បង្ហាត់ បង្រៀន អត់ធ្មត់ បង្រៀនដល់ចៅៗឲ្យប្រែក្លាយជាសិស្សល្អ កូនល្អ សម្រាប់យុវជនបន្តវេនរបស់ប្រទេសជាតិទៅថ្ងៃអនាគត់។

បន្ទាប់ពីសំណេះសំណាលរួច លោកខៀវ កាញ្ញា រីទ្ធ និងលោកជំទាវ បានប្រគល់ជូនសំភារៈសិក្សាដល់សិស្សានុ សិស្សចំនួន១៣០នាក់ ដោយក្នុងនាក់ៗ ទទួលបាន រួមមាន៖ សៀវភៅចំនួន៦០០ក្បាល,ប៉ិច ចំនួន ៣០០ ដើម,ខ្មៅដៃ ចំនួន ៣០០ដើម,បន្ទាត់ និងជ័រលុប ចំនួន ៣០០ដុំ, កាតាប ចំនួន ១៣០, ខោអាវ ចំនួន១៣០ កំប្លេ, នំកញ្ចប់ ចំនួន ១៣០ កញ្ចប់, ថវិកា ម្នាក់ ចំនួន មួយ ម៉ឺនរៀល និងផ្តល់ជូនសៀវភៅតម្កល់ទុកក្នុងបណ្ណាល័យមួយចំនួនទៀតផង៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed