ចម្ងាយ២២គីឡូម៉ែត្រពីរាជធានីភ្នំពេញ លើផ្លូវជាតិលេខ ១ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្ដាល ដើម្បីឆ្លងទន្លេមេគង្គក្រោមឆ្ពោះទៅទៅស្រុកល្វាឯមគេត្រូវធ្វើ ដំណើរតាមស្រឡាង ដែលបំពាក់ដោយទូកម៉ាស៊ីន។ នៅក្នុងស្រុកកៀនស្វាយនៅត្រង់ចំណុចក្តាបន្ទះ ឆ្លងទៅខាងស្រុកល្វាឯម នៅភូមិផ្លូវត្រី ឃុំថ្មគរ…ដែលកំពុងចម្លងនេះតែងតែបង្កឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លង កាត់រអ៊ូរទាំ,អំពីបញ្ហាហានិភ័យនិងគ្រោះថ្នាក់ដែលអាចនឹងកើតឡើងជាយថាហេតុ។

នៅរដូវប្រាំងនេះ ផ្លូវចុះ-ឡើងហាក់ដូចជាមានចំណោទបន្តិចប៉ុន្តែមិនមានការកែសម្រួលដើម្បីឲ្យយានយន្តគ្រប់ប្រភេទស្រួលធ្វើដំណើរចុះ-ឡើងនោះឡើយ។ ថ្វីបើវាមិនទាន់បង្កឲ្យមានគ្រោះថ្នាក់ដុំកំភួន ប៉ុន្តែអ្នកធ្វើដំណើរឆ្លងកាត់ទីនេះបង្ហាញ អារម្មណ៍មិនស្រួលចិត្តច្រើនលើកច្រើនសារ។ ភាពគ្មានសណ្តាប់ធ្នាប់ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ មិនត្រូវបានម្ចាស់កំពុងចម្លងដែលកំពុងកើបលុយក្នុងមួយថ្ងៃៗ វាល់លានរៀលនោះ រៀបចំឲ្យមានរបៀបរៀបរយ និងបង្ការហានិភ័យគ្រោះថ្នាក់នោះទេ។

ប្រភពពីប្រជាពលរដ្ឋ ដែលតែងតែឆ្លងកាត់ធ្វើដំណើរតាមកំពុងចម្លងនេះនិយាយថា បើទោះបីជាបញ្ហាគ្រោះ ថ្នាក់នៅលើផ្លូវទឹកបានកើតមានជាញឹកញាប់ យ៉ាងណា ក៏ដោយ ក៏នៅលើទូកចម្លងទីតាំងខាងលើនេះ មិនទាន់មានពោងសុវត្ថិភាពបំពាក់នៅឡើយ។ វានៅតែជាក្តីព្រួយបារម្ភ សម្រាប់អ្នកធ្វើដំណើរ នៅពេលដែលបញ្ហាច្រាំងចុះ-ឡើងនៅកំពង់ចម្លងនេះមិនត្រូវបានកែសម្រួលដើម្បីធានាបានសុវត្ថិភាព ឲ្យយានយន្តគ្រប់ប្រភេទនោះឡើយ។ មានន័យថា ថៅកែកំពុងចម្លងនេះដឹងតែពីយកលុយដោយមិនគិតពីសុវត្ថិភាពអ្នកធ្វើដំណើរនោះទេ។

បើនិយាយពីអ្នកបើកបរសាឡង់វិញ ត្រូវបានប្រជាពល រដ្ឋអ្នកធ្វើដំណើររិះគន់គ្រប់ៗគ្នា។ អ្នកខ្លះធ្លាប់ទាំងបានស្នើឲ្យថៅកែផ្លាស់ប្ដូរអ្នកបើកបរសាឡង់នោះចេញ ក៏ ប៉ុន្តែថៅកែមិនស្ដាប់សំណូមពររបស់អ្នកធ្វើដំណើរនោះទេ។ ពេលខ្លះនៅគ្រាដែលរថយន្ត កំពុងតែចុះមិនទាន់ឡើងលើស្រឡាងផុតផង អ្នកបើកបរស្រឡាងចេញ ដំណើរទៅហើយ។ ពេលខ្លះនៅលើស្រឡាង មិនមានមនុស្សឬយានយន្តណែនណាន់តាន់តាប់នោះទេ ហើយទើបតែចេញផុតពីច្រាំង៤-៥ម៉ែត្រ នៅពេលដែលមានប្រជាពលរដ្ឋត្រូវធ្វើដំណើរទៅជាមួយដោយប្រញាប់នោះក៏មិនត្រឡប់មកយកវិញដែរ។

ប្រជាពលរដ្ឋនិយាយថា បើរដូវវស្សាវិញនៅពេលជិះលើស្រឡាងនៅចំណុចខាងលើនេះម្ដងៗគឺពួកគាត់មានការព្រួយបារម្ភជាខ្លាំង។ បើនិយាយដល់អ្នកបើកបរវិញនោះគឺហាក់ដូចជាមិនបានយកចិត្តទុកដាក់ អំពីបញ្ហាអាយុ ជីវិតមនុស្សនៅលើស្រឡាងនោះឡើយ។ ប្រជាពលរដ្ឋរួចបារម្ភនៅពេលធ្វើដំណើរឆ្លងទន្លេមេគង្គ នៅចំណុចខាងលើនេះ ដែលជួនកាលត្រូវជួបខ្យល់ខ្លាំង ភ្លៀងផ្គរ ឬទឹកហូរ ខ្លាំងនៅរដូវវស្សា ក៏ប៉ុន្តែអ្នកបើកបរហាក់ដូចជាមិនបានយកចិត្តទុកដាក់ ឬយល់ចិត្តអតិថិជនដែលកំពុងនៅលើកស្រឡាងនោះឡើយ។

គេមិនដឹងថា តើបញ្ហានេះថ្នាក់ដឹកនាំខេត្តកណ្ដាលបាន ដឹងអំពីករណីប្រឈមដែរឬទេ? ហើយបើនិយាយអំពីបញ្ហាលុយកាក់វិញ គឺគេអាចប្រមូលបានលុយរាប់បាវក្នុងមួយខែៗ។ ប៉ុន្តែមិនព្រមអភិវឌ្ឍន៍ផ្លូវចុះ-ឡើងឲ្យ បានសមរម្យទៅនិងទំហំអ្វីដែលខ្លួនទទួលបាននោះឡើយ។ ករណីដែលបានលើកឡើងនេះគួរតែមានការសម្របសម្រួលដើម្បីកាត់បន្ថយហានិភ័យឬភាពភ័យ ខ្លាចរបស់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ចំណុចខាងលើនេះផង៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *