(ខេត្តព្រៃវែង)÷ក្មួយក្រពើពីរនាក់ប៉ុនប៉ងលេប យកដីផ្ទះរបស់ម្ដាយមីងចាស់ជរាគ្មានទីពឹងម្នាក់រស់នៅភូមិ-ឃុំកំពង់ពពិល ស្រុកពារាំង តាមរយៈការឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ។ យ៉ាងណាក៏ដោយសាលា ដំបូងខេត្តព្រៃវែង មិនទាន់បានផ្ដល់យុត្តិធម៌ជូនលោកយាយកំព្រាម្នាក់នេះហើយ បន្តទៅសាលាឧទ្ធរណ៍បានធ្វើឲ្យលោកយាយអស់សង្ឃឹមម្ដងទៀត។ អ្នកភូមិទាំងឡាយរស់នៅភូមិកំពង់ពពិល..ដែលជាសាក្សីរស់សុទ្ធតែដឹងថាគ្រួសារពីរនាក់ប្ដីប្រពន្ធដែលជាក្មួយនោះគឺជាសត្វក្រពើយ៉ាងពិតប្រាកដ។
អ្នកភូមិបានឲ្យដឹងថា ក្មួយស្រីឈ្មោះ ទីវ សុខា និងប្ដីឈ្មោះ វន់ ខេមរ៉ាវុធ មុខរបរជាមន្ត្រីសុខាភិបាល(ក្មួយរបស់ប្ដីលោកយាយ) បានសុំពឹងពាក់ស្នាក់អាស្រ័យរស់នៅជាមួយលោកយាយកាលពីជាង១០ឆ្នាំមុន។ តែ នៅទីបំផុតដោយគ្មានសេចក្តីអៀនខ្មាស់ បាបបុណ្យបែរ ជារៀបផែនការលេបត្របាក់យកផ្ទះ សម្បែងដីធ្លីរបស់លោកយាយដែលមានក្បាល ៤×៣០ មែត្រទៅវិញ
នោះគឺករណីលោកយាយ ជាម ម៉េត អាយុ៧៦ រស់នៅភូមិ-ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង សុំការអន្តរាគមន៍ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌,និងលោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានរងភាពអយុត្តិធម៌ដោយសារ ក្មួយស្រីឈ្មោះ ទីវ សុខា និងប្ដីឈ្មោះ វន់ ខេមរ៉ាវុធ មុខរបរជាមន្ត្រីសុខាភិបាល ប្រើចរិតពាលខ្វះសិលធម៌ សម្ដីអត់សិលធម៌ រត់ការចង់លេបត្របាក់យកដីរបស់លោក យាយ ដែលដើមឡើយក្មួយនេះ គ្រាន់តែសុំលោកយាយរួមរស់បណ្ដោះអាសន្នប៉ុណ្ណោះ។
រឿងរ៉ាវរ៉ាំរ៉ៃវែងអន្លាយកើតការប្ដឹងផ្ដល់ដោយសារលោក យាយមានក្ដីអាណិតអាសូរដល់ក្មួយប្រុសស្រី មកសុំស្នាក់អាស្រ័យតាំងពីឆ្នាំ២០១០។ ចុងក្រោយក្មួយមាន ចិត្តចង់បានដីផ្ទះរបស់ម្ដាយមីងរបស់ខ្លួនហើយបានឃុបឃិតគ្នាជាមួយអតីតមេភូមិឈ្មោះជិត ចក់ និងអតីត មេឃុំឈ្មោះថឹង សំនៀង ដើម្បីកសាងសំណុំឯកសារដែលលោកយាយជាម្ដាយមីងម្ចាស់ដីពុំបានផ្ដិតមេដៃអោយនោះឡើយ។
មិនត្រឹមតែប៉ុណ្ណោះក្មួយទាំងពីរនាក់ប្ដីប្រពន្ធ ថែមទាំងហ៊ានបំពានដីកាសម្រេចរក្សាការពារលេខ ៦១៩ ដស របស់លោកចៅក្រមសាលាដំបូងខេត្តព្រៃវែង លោក ស សំណាង ចុះកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២
ដែលបានសម្រេចហេតុដូច្នេះ។ ហាមឃាត់សហកូន បំណុល ឈ្មោះវន់ ខេមរ៉ាវុធ និងប្រពន្ធឈ្មោះ ទីវ សុខា មិនអនុញ្ញាតឲ្យចេញ-ចូល ឬស្នាក់នៅទីតាំងក្រោមផ្ទះរបស់ម្ចាស់បំណុល ដែលស្ថិតនៅលើដីភូមិទំហំ ២៦១ ម៉ែត្រការ៉េ និងមានព្រំប្រទល់ខាងជើងទល់នឹង ឈ្មោះឡាយ ប៊ុនយូរ ព្រំប្រទល់ ខាងកើតទល់នឹងដី ឈ្មោះម៉ុន សារឿន ព្រំខាងត្បូងទល់ផ្លូវកៅស៊ូ និងខាងលិចទល់នឹង ឈ្មោះ ឌឹម ផល្លីន ដែលមានទីតាំងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង និងបិទកន្លែងស្នាក់នៅហាមឃាត់រហូតដល់មានការសម្រេចសេចក្ដីផ្សេងពីនេះ និងមិនអនុញ្ញាតឲ្យលក់ ដូរ ជួល បញ្ចាំលើដីភូមិកំហំ ២៦១ម៉ែត្រការ៉េ។
ប៉ុន្តែសំណុំរឿងរដ្ឋប្បវេណីលេខ ០៩៩ ចុះថ្ងៃទី២១ ខែ ០២ ឆ្នាំ២០២២ បានអូសបន្លាយ ដល់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ និងតុលាការកំពូល។ តុលាការកំពូលបានរុញសំណុំរឿងមកឲ្យសាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាត់ក្តីសារឡើងវិញ ដែលធ្វើឱ្យលោកយាយមានផលលំបាកយ៉ាងខ្លាំងទាំងផ្លូវកាយផ្លូវចិត្ត រូមទាំងការធ្វើ ដំណើរ និងការចំណាយម្យ៉ាងវិញទៀតនោះដោយលោក យាយចាស់ទ្រុឌទ្រោមទៅហើយតែងតែភ្លេចមុខ ភ្លេចក្រោយហើយសុខភាពមិនទៀងទាត់ម្ដងវិលមុខម្ដងឈឺនេះឈឺនោះអាការៈជាមនុស្សចាស់។ លោកយាយបន្តទាំងងទឹកភ្នែកថា ពេលតុលាការកោះហៅម្ដងៗ លោក យាយតែងតែដើរសុំខ្ចីលុយគេឯង ដើម្បីជិះផាសអែបឡើងទៅតុលាការនៅភ្នំពេញ។ ដោយសារក្ដីលំបាកទាំង នេះហើយ ទើបលោកយាយពឹងអ្នកសារព័ត៌មានជួយផ្សព្វផ្សាយជំរាបជូនដល់ប្រមុខថ្នាក់ដឹកនាំកំពូលៗសូមជួយលោកយាយផង។
លោកយាយ ក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិរំពឹងថាសាលា ឧទ្ធរណ៍ក៏ដូចជាតុលាការកំពូល ផ្ដល់ភាពយុត្តិធម៌ដល់លោកយាយប្រកបដោយភាពកក់ក្តៅ នៃជីវិតចុងក្រោយនោះផង៕