ខេត្តមណ្ឌលគិរី÷បុរសម្នាក់នៃអង្គការ”អង្គការវឌ្ឍនភាពកសិកម្ម និងធម្មជាតិ ” ដែលគេមិនសូវស្គាល់ឈ្មោះ ត្រូវគេដាក់ការសង្ស័យថា គឺជាឈ្មួញឈើដ៏សកម្ម ខណៈផ្ទះគាត់ក្បែរពន្ធនាគារ នៅកណ្ដាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវគេប្រទះឃើញមានឃ្លាំងស្តុកឈើ ប្រណិតច្នៃរួចជាច្រើន ដូចជាគ្រោងទ្វារ-បង្អួចពិសេសក្ដារងឿ ដែលមានមុខធំៗ។ បើតាមប្រភពមើលឃើញថាគំនរឈើជាច្រើនជាមួយនឹង គ្រឿងសង្ហារឹមផងនោះទំនងជាបានដឹកចេញពីតំបន់ព្រៃមួយចំនួនក្បែរស្នាក់ការអភិរក្សមេម៉ង់។

តាមសេចក្ដីរាយការណ៍ថា ស្ទើរមិនរាល់យប់គេឮសន្ធឹកឡានចេញ-ចូល ជាការដែលអាចដឹកគ្រឿងសង្ហារឹមពីសិប្បកម្មផ្សេងទៅទម្លាក់ ហើយនិងដឹកចេញ ។ គេថា មន្ត្រីអង្គការរូបនោះឈ្មោះ សម្បត្តិ ដែលធ្លាប់ជួបគ្រោះ ថ្នាក់ចរាចរណ៍កាលពីអំឡុងខែតុលា ឆ្នាំ ២០២៤ នៅលើកំណាត់ផ្លូវ ក្នុងភូមិពូត្រុំ ក្រុងសែនមនោរម្យ គ្រាពួកគាត់ ដែលមានគ្នីគ្នាប្រមាណ ៥ នាក់ ជិះរថយន្ត lexus RX300តាមប្រដេញរថយន្ត Tundra ដឹកគ្រោងទ្វារបង្អួចមួយគ្រឿងចេញពីតំបន់មេម៉ង់ ជារបៀបប្រមាញ់ទាញយកប្រយោជន៍ពីបទល្មើសព្រៃឈើនោះ ។

បើតាមប្រភពកាលនោះរាយការណ៍ឲ្យដឹងថា រថយន្តរបស់ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាល៥នាក់បានពាំងផ្លូវនឹងរថយន្តដឹកឈើរបស់បុរសម្នាក់ឈ្មោះ រ៉ាន់ ហើយក៏បង្កឲ្យមានគ្រោះថ្នាក់ដល់ក្រុមមន្ត្រីទាំងនេះ។ បើតាមប្រភពប្រាប់ថា ថៅកែដឹកឈើឈ្មោះរ៉ាន់នោះ ធ្លាប់បង់ ប្រាក់ឲ្យក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ឈ្មោះសម្បត្តិនេះក្នុង១ខែ១០០ដុល្លារ។ បន្ទាប់ពីខកខានបង់ប្រាក់១ ខែក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលខាងលើ ក៏បានតាមធ្វើសកម្មភាពប្រដេញចាប់ឃាត់រថយន្តរបស់លោករ៉ាន់រហូតបណ្ដាលឱ្យក្លាយជាគ្រោះថ្នាក់ចរាចរណ៍តែម្ដង។

ឈ្មោះសម្បត្តិដែលរងការចោទបដិសេធថា ផ្ទះរបស់លោកមិនមានឈើប្រណិតមុខកាត់ធំៗ ឬគ្រឿងសង្ហារឹមពាក់កណ្ដាលកែច្នៃនៅក្នុងនោះឡើយ។ លោកជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាអ្នកកាសែតចូលទៅត្រួតពិនិត្យដើម្បីឲ្យដឹងការពិតថែមទៀតផង។ តែយ៉ាង ណាក៏ដោយលោកអះអាងថា មួយរយៈចុងក្រោយនេះលោកមិនបាននៅផ្ទះទេ ព្រោះជាប់រវល់ធ្វើការងារច្រើន។

តែយ៉ាងណាក្ដី ព័ត៌មានខាងលើនេះគ្រាន់តែជាតម្រុយមួយប៉ុណ្ណោះ ដែលមន្ត្រីពាក់ព័ន្ធគួរតែបើកការស៊ើប អង្កេតស្វែងរកការពិត និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកប្រព្រឹត្ត បើរកឃើញបទល្មើសជាក់ស្ដែង៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed