(ខេត្តរតនគិរី ) ៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យបើកទីតាំងផលិតស្រា.ស ឡើងវិញនៅទូទាំងខេត្ត បន្ទាប់ពីរកឃើញថា ករណីមានមនុស្ស៥ នាក់ ដែលស្លាប់ ៣នាក់និង២នាក់ ធ្លាក់ខ្លួនឈឺកំពុងព្យាបាលនៅស្រុកបរកែវ ខេត្តរតនគិរី មិនជាប់ពាក់ព័ន្ធនឹងការពុលស្រា.ស នោះទេ។

តាមរបាយការណ៍ដែលផ្តល់ដោយលោកវេជ្ជបណ្ឌិត អេង គុណវុឌ្ឍ ប្រធានការិយាល័យជំងឺឆ្លង និងចាក់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្តរតនគិរី នាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បញ្ជាក់ថា ករណីដែលមានមនុស្សស្លាប់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងនោះ មិនមានពាក់ព័ន្ធជាមួយនឹងស្រា.សនោះទេ ហើយមន្ទីរសុខាភិបាលកំពុងស្វែងរកហេតុផលផ្សេង និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍វត្ថុវិភាគមួយចំនួនទៀត។

លោកវេជ្ជបណ្ឌិត អេង គុណវុឌ្ឍ បន្តថា ចំណែកម្ហូប អាហារក៏នៅមិនទាន់ដឹងថា មានសារធាតុជាតិពុលអ្វីនោះទេ គឺកំពុងយកសំណាកម្ហូបអាហារ ទៅមន្ទីរ ពិសោធន៍ទាល់តែចេញជាលទ្ធផលសិនបានអាចយក ជាផ្លូវការបាន។ ដោយឡែកលទ្ធផលបឋម ចំពោះសំណាកស្រា.ស ដែលប្រមូលពីផ្ទះអ្នកស្លាប់ មិនមានសារធាតុមេតាណុលនោះទេ។ ចំពោះសំណាកផ្សេង ទៀតកំពុងបន្តរង់ចាំលទ្ធផល។ លោកថា មនុស្ស ២នាក់ដែលជួយសង្គ្រោះបន្ទាន់នោះ ឥឡូវបានធូស្រាលហើយចាកចេញពីមន្ទីរពេទ្យទៅផ្ទះវិញផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី២៩ ខែមករានេះប្រជាពលរដ្ឋនៅឃុំស៉ើង ស្រុកបរកែវ ចំនួន ៥នាក់ ក្នុងនោះ៣នាក់បានស្លាប់ និង២នាក់ទៀតកំពុងជួយសង្គ្រោះ បន្ទាប់ពីបានបរិភោគអាហារនិងស្រា(ស)។ អ្នកស្លាប់ទាំង៣នាក់នោះ ទី១៖ភេទប្រុស អាយុ៧៨ឆ្នាំ ទី២៖ ភេទប្រុស អាយុ៦០ឆ្នាំ និងទី៣៖ ភេទស្រី អាយុ ៥៤ឆ្នាំ។

ភ្លាមៗនោះលោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចេញបញ្ជាឲ្យអាជ្ញាធរក្រុង, ស្រុកទាំង៩ ចុះបិទទីតាំងផលិតស្រា.សជាបណ្ដោះអាសន្នរង់ចាំលទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យ តើមូលហេតុអ្វីឲ្យពិតប្រាកដនោះ បណ្ដាលឲ្យមានអ្នកស្លាប់និងអ្នករងគ្រោះដោយករណីនេះ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed