ភ្នំពេញ÷នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋាន EIA ដឹកនាំដោយលោក ធីវ សុភារិទ្ធ អគ្គនាយករង ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តកណ្តាល រដ្ឋបាលស្រុកអង្គស្នួល និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះត្រួតពិនិត្យករណីមានសេក្តីរាយការណ៍ថា ក្រុហ៊ុន Win Ta Garment & Finishing Co., Ltd. បានបង្ហូរសំណល់រាវមានពណ៌ចូលស្ទឹងព្រែកត្នោត បង្កឲ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខភាពសាធារណៈ ស្ថិតនៅភូមិសរមាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ឆ្លងតាមរយៈនៃការពិនិត្យនៅទីតាំងជាក់ស្តែង និងការផ្តល់ព័ត៌មានពីតំណាងក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញក្រសួងបរិស្ថានមើលឃើញថា៖ ក្រុមហ៊ុននេះ ជាប្រភេទរោងចក្របោកគក់សម្លៀកបំពាក់សុទ្ធ និងបានបើកដំណើរការនៅខែតុលា ឆ្នាំ២០២៤ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុនពុំទាន់រៀបចំរបាយការណ៍ EIA រួចរាល់ទេ ដោយស្ថិតក្នុងលក្ខណៈជាពង្រាងនៅឡើយ។ នៅក្នុងដំណើរការបោកគក់ រោងចក្រ មានម៉ាស៊ីនបោកគក់ចំនួន២៥គ្រឿង (ប្រភេទធុនធំ) ដោយបច្ចុប្បន្នដំណើរការបោកគក់តែចំនួន១៥គ្រឿងប៉ុណ្ណោះ ដោយចំនួន១០គ្រឿងទៀតតម្លើងពុំទាន់រួចរាល់ និងមានកម្មករធ្វើការចំនួន៩០នាក់ ដែលធ្វើការពីរវេន/ថ្ងៃ (វេនពេលថ្ងៃ និងយប់)។

ក្រុមហ៊ុន មានអាងប្រព្រឹត្តិកម្មសំណល់រាវ ដោយរៀបចំបំពាក់បច្ចេកទេសសម្អាតតាមបែបលក្ខណៈជីវសាស្ត្រ-គីមីសាស្ត្រ។ ប៉ុន្តែតាមការពិនិត្យ ក្រុមហ៊ុនបានបង្ហូរសំណល់រាវចូលស្ទឹងព្រែកត្នោតតាមរយៈបំពង់ទុយោដែលមានអង្កត់ផ្ចិតប្រវែង ០,៨០ម៉ែត្រ ដោយពុំបានឆ្លងកាត់ធ្វើប្រព្រឹត្តិកម្មសម្អាតត្រឹមត្រូវឡើយ។ ជាក់ស្តែង នៅចំណុចចុងបំពង់ទុយោបង្ហូរចូលស្ទឹង ឃើញមានស្លាកស្នាមនៃដានទឹកពណ៌ខៀវជាប់ប្រឡាក់លើដីនៃមាត់ច្រាំងខាងលើ។ ចំណែកឯនៅមាត់ច្រាំងផ្នែកខាងក្រោមនៃស្ទឹងវិញ ឃើញមានទឹកសំណល់រាវពណ៌ក្រម៉ៅដល់សល់ផងដែរ។

ជាមួយគ្នានេះដែរ ក្រុមការងារបានពិនិត្យឃើញមានលូចំហរ (លក្ខណៈបេតុង) សម្រាប់ធ្វើការបង្ហូរសំណល់រាវចេញពីអាងស្តុកចេញទៅក្រៅផ្ទាល់តែម្តង ដោយពុំចាំបាច់បូមទៅធ្វើការសម្អាតទេ។ ចំពោះស្ថានភាពទឹកស្ទឹងនៅចំកណ្តាលនៃស្ទឹង នឹងនៅចន្លោះសងខាងទីតាំងក្រុមហ៊ុន (ខ្សែទឹកខាងលើ និងខ្សែទឹកខាងក្រោម) គឺស្ថានភាពពណ៌ទឹកមានលក្ខណៈធម្មតា។ ទាក់ទងនឹងបញ្ហាបង្ងូរសំណលរាវចូលក្នុងស្ទឹងព្រែកនេះ លោកមេឃុំព្រៃពួច និងលោកមេភូមិសរមាំង បានឲ្យដឹងថា រយៈកាលកន្លងមកពុំដែលឃើញមានបញ្ហាទឹកសំណល់ពណ៌ខ្មៅបង្ហូរចូលស្ទឹង ឬក៏មានប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរដែនដីទេ ទើបតែដឹងនៅពេលមានសារព័ត៌មានចុះផ្សាយនាយពេលថ្មីៗនេះ។

ជារួម សកម្មភាពរបស់ក្រុមហ៊ុននេះ បានបង្កឲ្យមានបញ្ហាបំពុលទឹកស្ទឹង បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ ដែលជាការប្រព្រឹត្តល្មើសនឹងក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលតម្រូវឲ្យយើងត្រូវចាត់វិធានការដូចខាងក្រោម៖
១-ផ្អាកផ្នែកផលិតកម្មបញ្ចេញសំណល់រាវ ជាបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុនរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA រួចរាល់។
២-ពិន័យអន្តរការណ៍ជាប្រាក់ ដោយអនុលោមតាមប្រកាសអន្តរក្រសួងលេខ១០៧០។
៣-ធ្វើការរុះរើលូចំហរ និងបំពង់លូបង្ហូរសំណល់រាវចូលស្ទឹងចេញឲ្យអស់ជាបន្ទាន់ ដើម្បីជៀសវាងការលួចបង្ហូរចេញតទៅទៀត ដោយតម្រូវឲ្យមានលូបង្ហូរទឹកចេញតែមួយទីតាំង ដើម្បីងាយស្រួលក្នុងការតាមដាននិងត្រួតពិនិត្យ។
៤-តម្រូវឲ្យកែសម្រួលអាងព្រឹត្តិកម្មសំណល់រាវឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយអនុលោមតាមស្តង់ដារបរិស្ថាន ដែលអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្អាតសំណល់រាវឆ្លើយតបនឹងស្តង់កំណត់
៥-ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវពីអាងប្រព្រឹត្តិកម្ម ទៅតាមការកំណត់។
៦-ត្រូវធ្វើស្តារសម្អាតបរិស្ថានស្ទឹងព្រែកត្នោត ដែលទទួលរងផលប៉ះពាល់ ឲ្យមានភាពដូចដើមវិញ។
៧-ត្រូវផ្តល់សំណងផលប៉ះពាល់ដល់បរិស្ថាន និងសង្គម និងសុខភាពប្រជាពលរដ្ឋ ទៅតាមការគណនានិងវាយតម្លៃពីមន្ត្រីជំនាញ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed