ប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងថា ទីតាំងល្បែងអនឡាញខុសច្បាប់មួយកន្លែង ដែលសង្ស័យជាកន្លែងបង្ខាំងមនុស្សខុសច្បាប់ ដើម្បីធ្វើសកម្មភាពបោកប្រាស់តាមប្រព័ន្ធអនឡាញរបស់ជនជាតិចិន ស្ថិតនៅអគារភ្លោះ ជាប់នឹងផ្លូវ៣០ម៉ែត្រ ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងដំណើរការយ៉ាងស្ងៀម ស្ងាត់ដែលគេមិនដឹងថាអាជ្ញាធរបានដឹងដែរឬយ៉ាងណានោះទេ?
ប្រភពព័ត៌មានបានឲ្យដឹងថា បណ្ដាជនជាតិចិនដែលធ្វើការនៅទីតាំងខាងលើហាក់ដូចជាមានលក្ខណៈស្ងៀម ស្ងាត់មិនឲ្យចេញដើរផ្ដេសផ្ដាសនោះឡើយ។ អាជ្ញាធរដែនដីគោហាក់ដូចជាចូលរួមចំណែកក្នុងការទប់ស្កាត់សកម្មភាពបណ្ដាជនដែលស្នាក់នៅក្នុងទីតាំងខាងលើនេះដែរ។ មានន័យថា អាជ្ញាធរហាក់ដូចជាបានជួយលាក់បាំងចំពោះសកម្មភាពទាំងឡាយ នៃបណ្ដាជនដែលស្នាក់នៅក្នុងអាគារខាងលើនេះ។
តាមប្រភពផ្ទៃក្នុងរាយការណ៍ឲ្យក្រុមអ្នកសារព័ត៌មានដឹងថា បច្ចុប្បន្នមានបុគ្គលិកជនជាតិចិនមិនតិចជាង ៤០០នាក់ ត្រូវបានគេបង្ខាំងទុក ដោយប្រើប្រាស់កុំព្យូទ័រឡេបថបរាប់រយគ្រឿង រកសុីតាមប្រព័ន្ធ internet អនឡាញ ដែលសង្ស័យថាជាអំពើល្មើសច្បាប់។ បុគ្គលិកជនជាតិចិនទាំងនោះ ត្រូវបានគេបង្ខាំងទុកនៅក្នុងបរិវេណរបងអគារ ដោយមានសន្តិសុខយាមកាមយ៉ាងតឹងរុឹងមិនអនុញ្ញាតឲ្យចេញដើរហើរសេរីឡើយ ហើយនៅខាងលើរបងព័ទ្ធជុំវិញ មានដាក់ខ្សែលួស៥ជាន់ភ្ជាប់ចរន្តអគ្គិសនីឆក់ទៀតផង។ នៅក្នុងទីតាំងខាងលើ មានអគារការងារ,អគារស្នាក់នៅ និងមានអាហារដ្ឋានសម្រាប់ផ្គត់ផ្គង់ដល់បុគ្គលិកជនជាតិចិនគ្រប់ៗគ្នា។ ក្រៅពីនោះ មានកម្មករបុគ្គលិកខ្មែរប្រហែល១០០នាក់ផងដែរ។
ប្រភពខាងលើឲ្យដឹងដែរថា កាលពីខែមុន ឃើញមានកម្លាំងចម្រុះខណ្ឌដង្កោ ជាច្រើននាក់បានចុះមកត្រួត ពិនិត្យទីតាំងខាងលើ។ ប៉ុន្តែកម្លាំងចម្រុះទាំងអស់បានដកចេញវិញយ៉ាងស្ងាត់កំបាំង មិនហ៊ានអនុវត្តន៍ច្បាប់ ដែលធ្វើឲ្យមានការសង្ស័យមានការពាក់ព័ន្ធអ្វីមួយនៅពីក្រោយខ្នងក៏ថាបាន។
លោកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថា ករណីនេះគណៈបញ្ជាការឯកភាពខណ្ឌដង្កោដឹកនាំដោយលោកអភិបាលរង ប៊ុន ណារ៉ុំ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលរួចអស់ហើយ។ លោកអធិការបន្ថែមថា ឯកសារចុះត្រួតពិនិត្យដែលមានការចូលរួមពីមន្ត្រីអន្តោប្រវេសន៍មាននៅគណៈបញ្ជាការឯកភាពខណ្ឌ ដង្កោដូច្នេះយើងអាចពិនិត្យបាន។
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងបើកយុទ្ធនាការយ៉ាងក្តៅគគុក ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់ អំពើបង្ខាំងមនុស្សខុសច្បាប់,ល្បែងអនឡាញ និងការ បោកប្រាស់តាមប្រព័ន្ធប្រព័ន្ធអនឡាញឆ្លងដែន ៕