ពេលគេធ្វើដំណើរដល់ក្រុងប៉ោយប៉ែត ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរីកចម្រើន នៃការដាក់ប៉ាយផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនិងល្បែងស៊ីសងអនឡាញដ៏គគ្រឹកគគ្រេង ជាពិសេសនៅតាមលំនៅដ្ឋាននីមួយៗភាគច្រើនមានល្បែងស៊ីសងបង្កប់ជាមួយ។ ជាក់ ស្ដែងទីតាំង១កន្លែងស្ថិតនៅ ភូមិក្បាលស្ពាន១ សង្កាត់ -ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកំពុងដំណើរការ

លេងល្បែងសុីសង ជល់មាន់អនឡាញ បៀរការ៉ាត់ ចាក់បាល់ ជាចំហដោយមិនខ្លាចច្បាប់ទម្លាប់នោះឡើយ។

ប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងខាងលើនេះបង្កប់ទៅដោយល្បែងស៊ីសងច្រើនប្រភេទ ហើយអាជ្ញាធរមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍និងក្រុងប៉ោយប៉ែត មិន ដែលខ្វល់អំពីបញ្ហានេះទេ បើទោះបីជាប្រមុខដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលស្នើរចាត់ វិធានការបង្ក្រាបល្បែងស៊ីសងឲ្យអស់ នៅតាមមូលដ្ឋានយ៉ាងណាក៏ដោយ។ មានន័យថា អធិការនគរបាលក្រុងប៉ោយប៉ែតមិនខ្វល់ នឹងត្រូវអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃនោះទេ។ ហេតុដូច្នេះហើយ បានជាល្បែងស៊ីសងតាមអ៊ីនធឺណិតជាច្រើនកន្លែងនៅក្នុងក្រុងប៉ោយប៉ែត ដំណើរការដោយ សេរីមិនខ្វល់អំពីច្បាប់ទម្លាប់នោះទេ។

ប្រភពបានឱ្យដឹងថា ទីតាំងល្បែងអនឡាញខាងលើដែលរួមមាន,ជល់មាន់អនឡាញ បៀរការ៉ាត់ ចាក់បាល់ ជាដើមនោះ…មានមនុស្សចូលលេងជាហូរហែ មិនដាច់នោះឡើយ។ទីតាំង១កន្លែងនេះត្រូវគេប្រាប់ថា ហាក់ដូច ជាមានខ្នងបង្អែករឹងមាំ ដោយមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននោះឡើយ។ រីឯអាជ្ញាធរក្រុងក៏ទំនងជាទទួលបានផលប្រយោជន៍ណាមួយ ទើបមិន ព្រមចាត់ការបង្ក្រាបទីតាំងនេះឡើយ។ ប្រភពខ្សិបខ្សៀវថា លោកព្រហ្ម ពិសិដ្ឋអធិការនគរបាលក្រុងប៉ោយប៉ែតហាក់ដូចជាមិនខ្វល់ចំពោះបញ្ហាល្បែងស៊ីសង តាមអ៊ីន ធឺណិតទូទាំងក្រុងប៉ោយប៉ែត និយាយរួម និងនិយាយ ដោយឡែក ចំពោះទីតាំងមួយខាងលើនេះឡើយ។

ប្រភពបានបន្ថែមទៀតថា ទីតាំងល្បែងអ៊ីនធឺណិតខាង លើនេះហាក់ដូចជាមានអភ័យឯកសិទ្ធិជាងបណ្ដាទីតាំងផ្សេងៗទៀត។ បើតាមប្រភពបានឲ្យដឹងថា ម្ចាស់ទីតាំងទំនងមានខ្នងបង្អែករឹងមាំទើបបានជាបើកឲ្យមានល្បែង ស៊ីសងជាចំហ ហើយអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមក៏មិនហ៊ានដើរក្បែរនោះដែរ។ទីតាំង១នេះមានឥទ្ធិពលជាងគេ ហើយក៏ទទួលបានភ្ញៀវចូលលេងល្បែងជាច្រើនជាងគេផងដែរ នៅក្នុងចំណោមទីតាំងល្បែងស៊ីសងជា ច្រើនទៀតក្នុងក្រុងប៉ោយប៉ែត។ គេមិនដឹងថា តើម្ចាស់ទីតាំងខាងលើនេះ មានឥទ្ធិពលនិងទំនាក់ទំនងយ៉ាងណាជា មួយលោកព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតនោះទេ។

មិនអាចទាក់ទងសុំការបំភ្លឺពី លោកព្រហ្ម ពិសិដ្ឋ បាន ទេ។ ប៉ុន្តែយ៉ាងណាក៏ដោយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានក៏ដូចជាភ្ញៀវទេសចរណ៍ អាជីវករ… មើលឃើញអំពីទិដ្ឋភាពអវិជ្ជមានជាច្រើន ដែលបង្កឡើងដោយល្បែងស៊ី សងតាមអ៊ីនធឺណិតនេះ។ ដូច្នេះប្រជាពលរដ្ឋទទូចស្នើ សុំឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ជាពិសេសលោក ស្នងការនគរបាលខេត្ត ចាត់វិធានការយ៉ាងណា បង្ក្រាបរាល់ល្បែងស៊ីសងតាមអ៊ីនធឺណិតនោះផង។ ការដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ធ្វើមិនដឹង,ធ្វើមិនឮនោះ នាំឲ្យប្រជាពលរដ្ឋចោទប្រកាន់ថា ទំនងជាបានលាបសក្ការៈពីពួកម្ចាស់ទីតាំងល្បែងទាំងនោះហើយ?៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *