ខេត្តកំពង់ស្ពឺ៖ មានករណីភ្ញាក់ផ្អើលអំពីការលួចលុបប្រឡាយសាធារណៈរបស់រដ្ឋប្រវែងជាង១០០ម៉ែត្រ ដែលអ្នកលក់ដូរនៅជិតទីតាំងនោះហៅថា ប្រឡាយចូលបុរី ឡេង ណាវ៉ាត្រា នៅចំណុចផ្លូវជាតិលេខ៣ ជាប់របងរោងចក្របោកគក់ សុីង បាងផេរភីង អិនដាសស្រ្ទៀល (ខេមបូឌា) នៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ប្រភពពីពលរដ្ឋលក់ដូរជិតនោះបានឲ្យដឹងថា ប្រឡាយនេះ គេលុបយូរហើយ គេហៅថា ប្រឡាយចូលបុរី ឡេង ណាវ៉ាត្រា ហើយប្រឡាយនេះវែងណាស់ តដល់ស្ទឹងព្រែកត្នោតដោយភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
លោក ហាន ពិសិដ្ឋ អភិបាលស្រុកគងពិសីបានឆ្លើយយ៉ាងខ្លីថា «ខ្ញុំអត់បានព័ត៌មាននឹងដែរ នឹងអោយក្រុមការងារជំនាញពិនិត្យ»។
បើតាមប្រភពពីមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ស្ពឺបានខ្សិបឲ្យដឹងថា ពាក់ព័ន្ធករណីខាងលើនេះ គឺមានតែលោក គង់ ឈុនលី នាយករដ្ឋបាលសាលាខេត្តកំពង់ស្ពឺស្ដីទី ដែលអាចដឹងរឿងខាងលើនេះ។
ជុំវិញករណីខាងលើនេះ មិនអាចសុំការបញ្ជាក់បន្ថែមឬបំភ្លឺពីលោក គង់ ឈុនលី នាយករដ្ឋបាលសាលាខេត្តកំពង់ស្ពឺស្ដីទីបាននៅឡើយនោះទេ ៕