ភ្នំពេញ÷សត្វក្រៀលគឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន ជាទូទៅមានកម្ពស់ ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ សត្វក្រៀលមាន សម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុតនិងត្រចៀក មានពណ៌ប្រផេះស្រាល។ កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ យើង ពិបាកសម្គាស់ថាសត្វក្រៀលណាជាឈ្មោលឬញីនៅពេលដែលពួកវានៅជាគូ ប៉ុន្តែមីញីមានមាឌតូចជាង អាឈ្មោលបន្តិច។ សត្វក្រៀលត្រូវបានចាត់ ជាប្រភេទសត្វងាយរងគ្រោះ។
សត្វក្រៀលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយ។ ប្រសិនបើសិនយើងបានទស្សនាប្រាសាទបាយ័ននៅ ខេត្តសៀមរាប យើងនឹងឃើញរូបចំលាក់សត្វក្រៀលដែលត្រូវបានឆ្លាក់ជាប់នឹងផ្ទាំងថ្ម។ នៅក្នុងទ្វីបអាស៊ី សត្វក្រៀល គឺជានិមិត្តរូបនៃជោគវាសនាល្អ និងអាយុយឺនយូរ។ ពួកវាក៏ត្រូវបានគេគិតថាជា និមិត្តរូបនៃមនោសញ្ចេតនាស្នេហាស្ម័គ្រស្មោះដោយយោងទៅតាមការភ្ជាប់ចំណងមេត្រីភាពរបស់ពួកវា។ នៅក្នុងប្រទេសភូមា សត្វក្រៀលត្រូវបានគេឃើញមានក្នុងពុទ្ធសាសនា។
សត្វក្រៀលតែងតែបង្ហាញវត្តមាននៅទីតាំង ៣ សំខាន់ គឺអាងត្រពាំងថ្មក្នុងខេត្តបន្ទាយមានជ័យ តំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនៅខេត្តតាកែវដើម្បីរកចំណីបន្តការរស់នៅក្នុងតំបន់ដីសើមដែលសម្បូណ៌ចំណីនេះពីខែធ្នូដល់ខែកុម្ភៈរៀងរាល់ឆ្នាំ ខណៈ នៅរដូវពងកូន សត្វនេះនឹងផ្លាស់ទីទៅតំបន់ព្រៃរបោះក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរីវិញ។
សត្វក្រៀលត្រូវបានចាត់ទុកជាប្រភេទងាយរងគ្រោះ ដែលស្ថិតនៅក្នុងបញ្ជីរក្រហមរបស់អង្គការ IUCN។ ដូចនេះ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារសត្វស្លាបមួយប្រភេទនេះអោយបានគង់វង្ស ដើម្បីទុកអោយកូនចៅជំនាន់ក្រោយបានស្គាល់ទាំងអស់គ្នា។
ក្រសួងបរិស្ថានក៏បាននិងកំពុងធ្វើការជាមួយអង្គការដៃគូ ដើម្បីអភិរក្សសត្វក្រៀល និងទីជម្រករបស់ពួកវា ដោយមានមន្ត្រីឧទ្យានុរក្សចុះល្បាតជាប្រចាំកន្លែងដែលសត្វក្រៀលរស់នៅ សិក្សាពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងតំបន់ដីសើមដែលបានកំណត់។ ចូលរួមការពារតំបន់ការពារទេសភាពបឹងព្រែកល្ពៅទាំងអស់គ្នា៕