ប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងល្បែង អាប៉ោង ខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិចំការសំរោង សង្កាត់ចំការសំរោង១ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កៀងគរក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងអនាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋរិះគន់អាជ្ញាធរសង្កាត់-ក្រុង យ៉ាងចាស់ដៃ។ បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះតាត្នោតជ្រុំ ដែលបានបើកដំណើរការល្បែងច្រើនប្រភេទនាកន្លងមក ប៉ុន្តែសព្វថ្ងៃនៅមានវង់អាប៉ោង ដែលចាក់ភ្នាល់លុយច្រើនៗរាប់ពាន់ដុល្លារ។
រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់ចំការសំរោង ១-ក្រុងបាត់ដំបងនៅសម្ងំស្ងៀម មិនឃើញចុះបង្រ្កាប បើទោះបីជាមានការរិះគន់ជាច្រើនយ៉ាងណាក៏ដោយ។ ភាពស្ងៀមស្ងាត់អាជ្ញាធរមានសមត្ថកិច្ចក្រុងបាត់ដំបងធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា ទំនងត្រូវបានលាបសក្ការៈពីតាត្នោតជ្រុំ។ មិនតែប៉ុណ្ណោះវង់អាប៉ោង
តាត្នោតជ្រុំនេះ ហ៊ានផ្គើននិងបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៀតផង។
គេសង្កេតឃើញ ម្ចាស់ទីតាំងល្បែងអាប៉ោង ខុសច្បាប់ មួយកន្លែង ដែលកំពុងដំណើរការគគ្រឹកគគ្រេងសព្វថ្ងៃក្នុងទឹកដី សង្កាត់ចំការសំរោង១ ក្រុងបាត់ដំបង បើកលេងរាល់ថ្ងៃ តែម្តង ដែលធ្វើឱ្យប្រជាពលរដ្ឋមានមន្ទិលថា ទីតាំងល្បែងដុះស្លែមួយនេះ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះ បើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនយ៉ាងនេះ។
ប្រភពដដែលឱ្យដឹងថា ទីតាំងល្បែងអាប៉ោងខុសច្បាប់របស់តាត្នោតជ្រុំ ដែលមានទីតាំងខាងលើ បើកលេងអនាធិបតេយ្យ គ្មានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ។ ប្រការនេះធ្វើឱ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ និងភ័យខ្លាច កើតអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។
ប្រភពរាយការណ៍ថា អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចសង្កាត់-ក្រុងហាក់ដូចជាមើលស្រាលចំពោះល្បែង ស៊ី សងមួយកន្លែងនេះ ឬមួយទទួលបានលាបសក្ការៈពីតាត្នោតជ្រុំ? ប្រជាពលរដ្ឋពិបាកជឿថា សមត្ថកិច្ចមិនដឹងអំពីបញ្ហាវង់ល្បែងស៊ីសងនៅទីតាំងខាងលើនេះ។
ហេតុដូច្នេះហើយ ប្រជាពលរដ្ឋសំណូមពរដល់ លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង, ឧត្តម សេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ជាពិសេសលោក សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងវង់អាប៉ោងមួយកន្លែងខាងលើនេះផង៕