ខេត្តកំពង់ស្ពឺ៖ ប្រជាកសិករជាច្រើនគ្រួសាររស់នៅភូមិចំនួន០៣ ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺខិតខំព្រោះស្រូវបានផលផ្លែផ្កាទៅហើយ ដល់រដូវប្រមូលផលស្រូវ ស្រាប់តែត្រូវបានជំទាវម្នាក់មកពីរាជធានីភ្នំពេញបញ្ជាឱ្យកូនចៅដាក់ម៉ាស៊ីនច្រូតដណ្តើមយកផលស្រូវរបស់ប្រជាពលរដ្ឋ កសិករក្រីក្រទាំងបំពានអស់រាប់តោន ។ ប្រជាពលរដ្ឋដង្ហើយរកកិច្ចអន្តរាគមន៍ពីអភិបាលខេត្តកំពង់ស្ពឺ។

កសិករឈ្មោះ ធឹម ពេជ្រ ភេទ អាយុជាង៥០ឆ្នាំ រស់នៅក្នុងភូមិក្បាលដំរី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់បាននិយាយឱ្យអ្នកយកព័ត៌មានដឹងថា គាត់បានធ្វើស្រូវទំហំដីជាង ៤ហិកតា ដោយធ្វើនៅលើដីដែលមានប្លង់កាន់កាប់ និងដីប្លង់ទន់(កន្ទុយស្រែ)ពេលប្រមូលផល ស្រាប់តែមានជំទាវម្នាក់ដែលរស់នៅឯរាជធានីភ្នំពេញ បញ្ជាឱ្យកូនចៅដាក់ម៉ាស៊ីនច្រូតស្រូវយកទៅអស់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។ បើទោះបីជាគាត់ម្ចាស់ស្រែបានដាក់ពាក្យបណ្តឹងទៅលោកមេភូមិ លោកមេឃុំ និងអភិបាលស្រុកឱ្យជួយដោះស្រាយយ៉ាងណាក៏ដោយ ក៏គ្មានដំណោះស្រាយដែរ មានតែពាក្យថា ទន្ទឹងរង់ចាំសិនតែប៉ុណ្ណោះ។

ស្ត្រីវ័យចំណាស់ម្ចាស់ស្រែស្រូវ ឈ្មោះ ធឹម ពេជ្រ បានបន្តថា ស្រូវដែលគាត់បានធ្វើនោះកាលពីកន្លងទៅឈ្មោះ ធា ភេទប្រុស អាយុជាង៥០ឆ្នាំ បានជួលគាត់ឱ្យធ្វើការឈូសឆាយដី ប៉ុន្តែឈ្មោះ ធា នោះមិនមានលុយឱ្យគាត់នោះទេ។ ហើយឈ្មោះធា នោះក៏បាននិយាយថា ខ្ញុំគ្មានលទ្ធភាពទេ បងធ្វើស្រែលើដីនិងចុះ ពេលនោះគាត់(ស្ត្រី ធឹម ពេជ្រ) ក៏បានព្រោះស្រូវនៅលើដីនោះតាំងពីអំឡុងខែកក្កដា ខែសីហា មកម្ល៉្លេះ។ ស្រាប់តែបានទទួលផល ត្រូវបានលោកជំទាវម្នាក់ដែលគេដឹងថា រស់នៅឯរាជធានីភ្នំពេញ ចោទថារូបគាត់បានធ្វើស្រែលើដីរបស់រដ្ឋ និងជាដីកម្មសិទ្ធរបស់លោកជំទាវម្នាក់នោះទៅវិញ។ ទើបលោក ជំទាវម្នាក់នោះបានបញ្ជាកូនចៅឱ្យយកម៉ាស៊ីនច្រូតស្រូវយកទៅបាត់អស់រាប់តោន។

ស្ត្រីខាងលើបានបន្តទៀតថា ស្រូវរបស់គាត់ដែលគេច្រូតយកទៅលើទំហំដីជាង៤ហិកតានោះ ជាង៦តោនទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះទេ នៅមានប្រជាពលរដ្ឋច្រើនគ្រួសារទៀតដែលរងគ្រោះដោយសារតែការច្រូតស្រូវពីសំណាក់ជំទាវម្នាក់នោះ មាននៅក្នុងភូមិក្បាលដំរី ភូមិសំរោង និងភូមិក្រវៀកជាច្រើនគ្រួសារ ហើយផលដំណាំស្រូវរាប់សិបតោនថែមទៀតផង។

ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះដែរ អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលោក ឡោន រីម មេភូមិក្បាលដំរីថា ប្រជាពលរដ្ឋនៅក្នុងភូមិរបស់លោកចំនួន១០គ្រួសារ ត្រូវបានគេយកគ្រឿងចក្រម៉ាស៊ីនច្រូតយកស្រូវដែលក្នុង០១គ្រួសារចាប់ពី០១ហិកតា រហូត ដល់០៥ហិកតា តាមគ្រួសារនីមួយៗដែលមានដីតិចនិងដីច្រើន។ ការយកគ្រឿងចក្រម៉ាស៊ីនច្រូតស្រូវមកច្រូតយកស្រូវប្រជាពលរដ្ឋទាំងបំពាននេះ ក្នុងនាមលោកជាអាជ្ញាធរ ភូមិ មិនដឹងថា ជំទាវនោះនៅខាងណា ហើយក៏មិនដឹងថាក្រុមហ៊ុនណានោះដែរ។

លោក ជូរ ភា មេភូមិសំរោង ក្នុងឃុំត្រពាំងជោបានឱ្យដឹងដែរ ក្នុងភូមិរបស់លោកប៉ះពាល់តិចតួចទេ ជិត១ហិកតាប៉ុណ្ណោះ គឺប៉ះពាល់ភូមិក្បាលដំរី និងភូមិក្រវៀក។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិក្បាលដំរីបានបង្ហើបឱ្យអ្នកយកព័ត៌មានដឹងថា÷ រឿងគេលួចច្រូតស្រូវនេះកើតឡើង០២ឆ្នាំមកហើយ ដោយឆ្នាំមុនលួចច្រូតស្រូវប្រជាពលរដ្ឋបានរាប់រយតោន យកទៅលក់ កើតរឿងប្តឹងផ្តល់គ្នាធ្លាប់គំរាមចាប់ប្រជាពលរដ្ឋដាក់គុកថែមទៀតផង។ ហើយឆ្នាំនេះដោយញ៉ាមដូចស៊ីក្តាមដុត លោកជំទាវម្នាក់នោះ បានបញ្ជាកូនចៅយកម៉ាស៊ីនច្រូតស្រូវប្រជាពលរដ្ឋទាំងយប់,ទាំងថ្ងៃមិនខ្លាចញញើតច្បាប់ទាល់តែសោះ។ បើប្រជាពលរដ្ឋណាហ៊ានធ្វើការតវ៉ា លោកជំទាវនោះនឹងបញ្ជាកម្លាំងសមត្ថកិច្ច និងតុលាការចាប់ដាក់គុកជាក់ជាមិនខានឡើយ។

ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់អភិបាលខេត្តមេត្តាចុះពិនិត្យ ទប់ស្កាត់ការលួចច្រូតស្រូវរបស់ប្រជាពលរដ្ឋពីសំណាក់លោកជំទាវម្នាក់នោះផង ពីព្រោះប្រជាពលរដ្ឋមានតែស្រូវអង្ករសម្រាប់ចិញ្ចឹមក្រពះ និងចិញ្ចឹមកូនចៅ។ បើគ្មានកិច្ចអន្តរាគមន៍ ហើយបណ្តែត បណ្តោយតទៅទៀតច្បាស់ជាគេលួចច្រូតយកអស់ជាក់ជាមិនខានឡើយ។

ការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋទៅលើលោកជំទាវម្នាក់នៅឯរាជធានីភ្នំពេញនោះ អ្នកយក ព័ត៌មានយើងមិនអាចសុំការបកស្រាយបានទេ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed