(ភ្នំពេញ)៖កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. កំពុងអញ្ជើញដឹកនាំកិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា(គ.វ.រ.) ដើម្បីពិភាក្សាលើសេចក្តីព្រាងសារាចរ ស្តីពីការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល។

កិច្ចប្រជុំនាពេលនេះ មានការអញ្ជើញចូលរួម ពីលោក លោកស្រីថ្នាក់ដឹកនាំជាន់ខ្ពស់ជារដ្ឋមន្ត្រី ប្រធានស្ថាប័ន រដ្ឋលេខាធិការប្រចាំការ លោក លោកស្រីតំណាងក្រសួង ស្ថាប័នដែលជាអនុប្រធាន និងសមាជិកនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា(គ.វ.រ.) ព្រមទាំងមន្ត្រីជំនាញជាច្រើនរូប។

សារាចរនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតម្រូវឱ្យក្រសួង ស្ថាប័ន និងអង្គភាពនានា អនុវត្តតាមការចាំបាច់ ដើម្បីទទួលបានភាពត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត និងស្តង់ដារួម ក្នុងដំណើរការនៃការរៀបចំសេចក្តីព្រាង ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ដែលក្រសួងមុខងារសាធារណៈ ត្រូវផ្តល់ការគាំទ្រដល់ក្រសួង ស្ថាប័ននានាក្នុងការកំណត់ និងការអនុវត្តមុខងារ និងការរៀបចំរចនាសម្ព័ន្ធស្របតាមខ្លឹមសារដែលបានកំណត់ក្នុងសារាចរ។ បន្ទាប់ពីស្តាប់មតិចូលរួមពីរបស់អង្គប្រជុំយ៉ាងផុលផុសរួចមក លោកឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានកំណត់ឱ្យក្រុមការងារបញ្ចូលយោលបល់នៃមតិទាំងអស់របស់សមាជិកអង្គប្រជុំ ដើម្បីបំពេញបន្ថែមក្នុងសេចក្តីព្រាងសារាចរនេះ និងកំណត់រយៈពេល ៣០ថ្ងៃ ដើម្បីឱ្យតំណាងក្រសួង ស្ថាប័នផ្តល់ធាតុចូលបន្ថែមទៅលើសារាចរ និងតារាងឧបសម្ព័ន្ធ ដើម្បីបន្តរៀបចំរបាយការណ៍ដាក់ជូន និងស្នើសុំសម្តេចធិបតី ដើម្បីរៀបចំកិច្ចប្រជុំកម្រិតចង្អៀត ឬក្នុងកម្រិត គ.វ.រ. តាមការសម្រេចរបស់សម្តេចធិបតី។

សូមជម្រាបថា កន្លងមក រាជរដ្ឋាភិបាល បានដាក់ចេញនូវសេចក្តីណែនាំលេខ០១ សណន ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងសារាចរ លេខ០៨ សរ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការរៀបចំមុខងារ និងរចនាសម្ព័នរបស់ក្រសួង ស្ថាប័ន។ យោងតាមលទ្ធផលនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល នឹងរៀបចំដាក់ចេញនូវគោលការណ៍ណែនាំក្នុងការកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ (លើកលែងក្រសួងការពារជាតិ និងអង្គភាពដែលទទួលបន្ទុកសន្តិសុខនៃ ក្រសួងមហាផ្ទៃ)៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed