ខេត្តកំពង់ធំ ៖ យុវសិស្ស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបុកគ្នាពេញទំហឹង។ ករណីនេះនៅវេលាម៉ោងប្រមាណ១៥និង៣០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវប្រសព្វភូមិរកាជួរ ស្ថិតក្នុងឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ករណីនេះកើតឡើងរវាងម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅសេរីឆ្នាំ២០១០ ផ្លាកលេខ កំពត 1D- 5783 បើកបរមានគ្នា០២នាក់ បានបុកជាមួយរថយន្តម៉ាកហ្វដ(Ford) ពណ៌ស ផ្លាកលេខ ភ្នំពេញ2AC-0279 បើកបរដោយឈ្មោះ ស៊ឹម លាម ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរអាជីវករ មានទីលំនៅភូមិអូរតាសៀវ ឃុំគោល ស្រុកប្រាសាទសំបូរ ក្រោយកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់។ ដោយឡែកយុវសិស្សទាំង០២នាក់នោះបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ១/ឈ្មោះ អ៊ឹម ពិសី ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរសិស្ស និងទី២/ឈ្មោះ ម៉ប ម៉ាណិត ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស ជនរងគ្រោះទាំង០២នេះ មានទីលំនៅភូមិ ទឹកវិល ឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
បច្ចុប្បន្នសាកសពជនរងគ្រោះទាំង០២ នាក់ត្រូវបានក្រុមគ្រួសារបានយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់ជនរងគ្រោះខាងលើ ចំពោះរថយន្ត និងម៉ូតូត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់យកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ ៕