បើទោះជារដូវចុងទឹកភ្លៀងក៏ដោយ ក៏ដំណើរការល្បែង ភ្នាល់ទឹកភ្លៀងនៅភ្នំពេញដែល១ ថ្ងៃៗ ប្រមូលបានប្រាក់រាប់សែនដុល្លារ ពេលនេះបានវិនិយោគឱ្យទៅជាល្បែងអនឡាញ ១ប្រភេទដែលមានទុនរាប់សិបលានដុល្លារ។ យ៉ាងណាក៏ដោយសព្វថ្ងៃនេះ គេអាចរកចំណូលបានពីប្រភេទល្បែងផ្ដល់ទឹកភ្លៀងតាមអនឡាញខ្ទង់សិបម៉ឺនដុល្លារក្នុង១ថ្ងៃៗ។ គេមិនដឹងថា តើក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹងអំពីបញ្ហាល្បែងភ្នាល់ទឹកភ្លៀងក្លាយ ទៅជាល្បែងអនឡាញដ៏ធំមួយ នៅកណ្ដាលក្រុងភ្នំពេញនេះដែរឬយ៉ាងណានោះទេ?

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកចាក់ភ្នាល់ល្បែងទឹកភ្លៀងមិនបាច់ចំណាយការទាក់ទងតាមប្រព័ន្ធទូរសព្ទឬក៏អាយកូម ដូចពេលមុនៗទេ គឺគេអាចចូលឆែកតាមប្រព័ន្ធអ៊ីនធឺណិតបានដោយស្រួល។ គេអាចចាក់ភ្នាល់ដូចល្បែងស៊ីសងអនឡាញដទៃទៀត ដែលមានមេធំនៅកណ្ដាលក្រុងភ្នំពេញនេះតែម្ដង។ បើតាមប្រភពបានឲ្យដឹងថា ក្រៅពីល្បែងទឹកភ្លៀងភ្នាល់តាមអនឡាញដែលមានការអាប់ដេតជាថ្មីនោះ ក៏មានប្រភេទល្បែងស៊ីសងផ្សេងទៀតរបស់ថៅកែតែមួយបានដំណើរ ការព្រមគ្នានៅលើទីតាំងតែមួយនោះដែរ។

ប្រភពព័ត៌មានបានរាយការណ៍ថា វាមិនមែនជាល្បែងស៊ី សងកំប៉ិកកំប៉ុកដូចអាជ្ញាធរបានដឹងឮ កាលពីពេលមុននោះឡើយ។ មុនៗអ្នកលេងល្បែងស៊ីសងទឹកភ្លៀងនាំគ្នាទៅអង្គុយសំកុកនៅពហុកីឡដ្ឋានជាតិអូឡាំពិកនិងចាក់ភ្នាល់តាមទូរសព្ទឬប្រព័ន្ធអាយកូម។ ប៉ុន្តែដោយសារប្រព័ន្ធបច្ចេកវិជ្ជាមានការវិវត្តន៍ ដូច្នេះថៅកែល្បែងស៊ីសងភ្នាល់ទឹកភ្លៀងនៅភ្នំពេញ ក៏បានវិនិយោគបន្ថែមឲ្យក្លាយ ទៅជាល្បែងស៊ីសងបែបអនឡាញបន្ថែមទៀត។ យ៉ាង ណាក៏ដោយគេមិនទាន់ដឹងថា ល្បែងស៊ីសងអនឡាញភ្នាល់ទឹកភ្លៀងនេះបានចុះបញ្ជី និងមានការយល់ព្រមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬក្រសួងពាណិជ្ជកម្មហើយឬនៅទេ?

បញ្ហាល្បែងស៊ីសងភ្នាល់ទឹកភ្លៀងនេះហាក់ដូចជា វក់វីយ៉ាងសម្បើមនៅក្នុងចំណោមប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ។ កាលមុនបុរសចំណាស់ម្នាក់ឈ្មោះ ហ៊ាសួរគឺជាមេដែលជាអ្នកដើរតួនាទីនិងសម្របសម្រួលជាមួយសមត្ថកិច្ចគ្រប់ស្ថាប័ន។ ប៉ុន្តែបច្ចុប្បន្ននេះមិនដឹងថា តើបុគ្គលណាជាអ្នកបន្តវេននោះទេ។ យ៉ាងណាក៏ដោយគេបានដឹងថា សមត្ថកិច្ចគ្រប់ផ្នែកហាក់ដូចជាមិនចាប់ អារម្មណ៍ចំពោះបញ្ហាល្បែងស៊ីសងភ្នាល់ទឹកភ្លៀង ដ៏គគ្រឹកគគ្រេងនេះឡើយ។ ជាងនេះទៅទៀតវាក៏កំពុង update ជាមួយនឹងការរកផលចំណេញបានរាប់សែនដុល្លារក្នុង១ថ្ងៃៗ។

ប្រភពបានឲ្យដឹងថា គ្មានទេថៅកែដែលត្រូវខាតនោះពីព្រោះគេមានភាគរយ សម្រាប់កាត់យកផលចំណេញផ្ទាល់តែម្ដង។ ដូចទៅវិញ មានតែអ្នកដែលចាក់ល្បែង ភ្នាល់ទឹកភ្លៀងតាមអនឡាញប៉ុណ្ណោះ ដែលត្រូវខាតដោយជៀសមិនរួច។ យ៉ាងណាក៏មកដោយគេមិនដឹងថាតើល្បែងស៊ីសងអនឡាញនេះបានផ្ដល់ផលចំណេញឬបានបង់ពន្ធជូនជាតិដែរយ៉ាងណានោះទេ?។ ប៉ុន្តែប្រភពខ្លះសង្ស័យថា វាគ្រាន់តែជាការត្រូវរូវគ្នារវាងអាជ្ញាធរមានសមត្ថកិច្ច ជាមួយនឹងថៅកែល្បែងភ្នាល់ទឹកភ្លៀងនោះតែប៉ុណ្ណោះ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed