ប្រសិនបើគេមានចេតនាបង្ក្រាបបទល្មើសនេសាទមឬស្រាវជ្រាវមើលបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ ជាពិសេសនៅក្នុងស្រុកអង្គរបុរី និងស្រុកបុរីជលសារ ជាប់ព្រំប្រទល់ប្រទេសវៀតណាមនោះ គឺមិនលំបាកទេ។ ប៉ុន្តែគេភ័យខ្លាចថា សមត្ថកិច្ចថ្នាក់ជាតិនិងស្ថាប័នជំនាញមិនហ៊ានឬ មិនអាចធ្វើចំពោះបញ្ហានេះ។ ពីព្រោះសព្វថ្ងៃនេះបណ្ដាជនវៀតណាមចូលមកនេសាទក្នុងទឹកដីខ្មែរយ៉ាងគគ្រឹកគគ្រេង ក្រោមការចាត់ចែងនិងសម្របសម្រួល ដោយមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ ឈ្មោះសុខ ឡេះ។
ប្រជាពលរដ្ឋនៅក្នុងស្រុកទាំងពីរនេះ ដែលអាស្រ័យដោយការនេសាទចិញ្ចឹមជីវិតនិយាយថា ជំនាន់ អ៊ូច ភាចៅហ្វាយខេត្តគឺបញ្ហាបទល្មើសនេសាទនេះមិនត្រូវបានដោះស្រាយនោះទេ។ មកដល់ជំនាន់ លោកវ៉ី សំណាងអភិបាលខេត្តតាកែវគឺ១ដំបរនិង៤ ដូចនឹងជំនាន់លោកអ៊ូច ភា ដដែល ពោលគឺអ្វីៗស្ថិតនៅក្រោមការចាត់ចែងដើម្បីបំបិទមាត់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាស្ថាប័នជំនាញជលផល ក្រោមការសម្របសម្រួលរបស់ លោកសុខ ឡេះ ដូចបណ្ដាឆ្នាំមុនៗ។ ប្រជាពលរដ្ឋរាយការណ៍ថាបណ្ដាជនវៀតណាមចូលនេសាទល្មើសច្បាប់ បានជាធម្មតាដោយគ្រាន់តែសម្របសម្រួល បង់លុយកាក់តាម រយៈលោកសុខ ឡេះ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនជាតិវៀតណាមដែលចូលមកនេសាទក្នុងទឹកដីខ្មែរនៅស្រុកអង្គរបុរីនិងស្រុកបុរីជលសារត្រូវបង់លុយឲ្យលោកកេ(ជនជាតិវៀត ណាម) ដែលជាប្រតិបត្តិករដោយផ្ទាល់នៅលើផ្ទៃទឹកក្នុងតំបន់ទាំងពីរនេះ។ លោកកេ ជាអ្នកដើរប្រមូលលុយពីអ្នកនេសាទវៀតណាមដើម្បីយកបន្តឲ្យលោកសុខ ឡេះហើយបើមានបញ្ហានៅលើផ្ទៃទឹកគឺលោកកេ ជាអ្នកដោះ ស្រាយដោយផ្ទាល់,តែបើរឿងនោះជារឿងធំដុំគឺត្រូវមាន មុខលោកសុខ ឡេះ ជាអ្នកចេញមកសម្របសម្រួល។
បើតាមសេចករាយការណ៍ពីអ្នកនេសាទវៀតណាមប្រាប់អ្នកកាសែតនៅផ្ទៃទឹកក្នុងស្រុកអង្គរបុរីឲ្យដឹងថា ពួកគេបានបង់ប្រាក់ឲ្យឈ្មោះកេ ក្នុងការនេសាទណូរ៉ាវប្រវែង ៥០០ម៉ែត្រ២០ លានដុង។ សកម្មភាពល្មើសច្បាប់បែប នេះត្រូវបានធ្វើជាប្រចាំដូចបណ្ដាឆ្នាំមុនៗដែរ បើទោះបី ជារាជរដ្ឋាភិបាលបានផ្លាស់ប្ដូរចៅហ្វាយខេត្តហើយ ក៏ ដោយ។ ពួកមន្ត្រីជលផលខេត្តតាកែវ ក្រោមការដឹកនាំរបស់លោកសៅ កុសល ត្រូវបានចែករំលែកលាភសក្ការៈរួចរាល់អស់ហើយ។ ដូច្នេះពួកគេមិនអាចចុះទៅអើត មើលបទល្មើសនោះបានឡើយ។
បើតាមសេចក្តីរាយការណ៍ពីស្រុកបុរីជលសារឲ្យដឹងថា សូម្បីតែលោកសុង ផល្លី ប្រធានសមាគមខាងជលផល ក៏ពាក់ព័ន្ធ នឹងអំពើពុករលួយអ្នកក្រោមអំណាចរបស់លោកសុខ ឡេះ នោះដែរ។ ដូច្នេះវាជាប្រព័ន្ធដែលត្រូវបានរៀបចំយ៉ាងប្រទាក់ក្រឡាគ្រប់ផ្នែក,គ្រប់ស្ថាប័ន។
ពួកមន្ត្រីជលផលខេត្តតាកែវខ្លះនិយាយបែបប្រហើរថា ឲ្យជនជាតិវៀតណាមចូលនេសាទចុះ ពីព្រោះថា ផលនេសាទទាំងនោះ វានឹងត្រូវហូរតាមផ្ទៃទឹកចូលទៅក្នុង ទឹកដីវៀតណាមដដែលទេ។ តើការលើកឡើងរបស់ពួកមន្ត្រីទាំងនេះត្រឹមត្រូវដែរឬទេ? ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែរដែលអាស្រ័យពឹងពាក់លើផលនេសាទនោះ សូម្បីតែអុំ ទូកកៀកនឹងតំបន់ដែលពួកវៀតណាមកំពុងនេសាទក្នុងដែនទឹកខ្មែរនោះក៏មិនបានផង។
ប្រជាពលរដ្ឋខ្មែរក្នុងស្រុកអង្គរបុរី,បុរីជលសារ…សង្ឃឹម ថា លោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឌិត ទីណា នឹងចាត់មន្ត្រីជំនាញថ្នាក់ដឹកនាំក្រសួង ចុះ ទៅពិនិត្យមើលអំពីបញ្ហានេះ។ ជាមួយនោះកងរាជអាវុធ ហត្ថលើផ្ទៃប្រទេសក៏ត្រូវបើកការស៊ើបអង្កេតមើលថា តើបុរស ឈ្មោះសុខ ឡេះ ពិតជាពាក់ព័ន្ធនឹងបញ្ហាបទ ល្មើសនេសាទក្នុងដែនទឹកខេត្តតាកែវមែនឬទេ?។
លោកសុខ ឡេះ មិនលើកទូរសព្ទនឹងមិនមើលសារនៅ ក្នុងប្រព័ន្ធតេឡេក្រាមនោះឡើយ៕