ពលរដ្ឋអ្នកភូមិ នៃភូមិឧបសម្ព័ន្ធប្រមោយមន្ទីរពេទ្យស្ថិតនៅក្នុងឃុំប្រមោយ ស្រុកវាលវែងខេត្តពោធិ៍សាត់ច្រើនជាង១០គ្រួសារបានចោទមន្ត្រីសាលាស្រុកវាលវែង គំរាមកំហែងពួកគាត់ឲ្យចាកចេញពីលំនៅឋានដើម្បីយកដីធ្លីដោយសំអាងថា ពួកគាត់មកតាំងពីលំនៅខុស ច្បាប់។ ប្រជាពលរដ្ឋស្នើសុំ ទៅប្រមុខរាជរដ្ឋាភិបាលសម្ដេចបវធិបតីហ៊ុនម៉ាណែត ពិនិត្យពិច័យចំពោះរឿង នេះគឺព្រោះថា វាហាក់ដូចជាការគំរាមកំហែងច្រើនជាងច្បាប់ទម្លាប់។
តំណាងប្រជាពលរដ្ឋប្រាប់អ្នកកាសែតថា មន្ត្រីសាលា ស្រុកវាលវែងឈ្មោះហង្ស ប៊ុនថន បានគំរាមកំហែងពួក គាត់ឲ្យចាកចេញពីលំនៅឋានដោយសំអាងថា ពួកគាត់ជាអ្នករស់នៅដោយខុសច្បាប់លើដីរបស់រដ្ឋ។ ដូច្នេះបើមិនចង់មានរឿងរ៉ាវវែងឆ្ងាយទេនោះ ត្រូវតែចាកចេញពីលំនៅដ្ឋានឬត្រូវផ្លាស់ប្ដូរទីលំនៅចេញដោយគេប្រគល់ដីធ្លីថ្មីសម្រាប់ចែកជូនពួកគាត់។ យ៉ាងណា ក៏ដោយប្រជាពលរដ្ឋទាំងនោះយល់ឃើញថា វាគ្រាន់តែការគំរាម កំហែងរបស់មន្ត្រីថ្នាក់ក្រោមនោះតែប៉ុណ្ណោះ ពីព្រោះពួក គាត់មិនបានឃើញមានច្បាប់ទម្លាប់ឬឬកម្លាំងថ្នាក់ជាតិចេញដោយរាជរដ្ឋាភិបាលនៅឡើយទេ។
នៅក្នុងភូមិឧបសម្ព័ន្ធដែលទើបបង្កើតថ្មីនេះអ្នកខ្លះបានមកតាំងទីលំនៅច្រើនជាង១០ឆ្នាំមកហើយ, ពោលគឺតាំងពីឆ្នាំ 2000 ជាង និងអ្នកខ្លះ៥,៦ឆ្នាំមកហើយ បើបានកសាងលំនៅដ្ឋានរស់នៅសមរម្យ និងមានដំណាំហូបផ្លែដើមឈើធំៗណាស់ទៅហើយដែរ។ អ្នកភូមិបាននិយាយថា ពួកគាត់បានមកតាំងទីលំនៅដែលមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ និងមួយចំនួនមានការទិញលក់ដីធ្លីនិងកាន់កាប់ដោយស្របច្បាប់។ ប៉ុន្តែទើបតែមួយរយៈចុងក្រោយនេះស្រាប់តែមន្ត្រីសាលា ស្រុកវាលវែង ហាក់ដូចជាប្រើសិទ្ធិនៃការគំរាមកំហែងកៀបសង្កត់មកលើប្រជាពលរដ្ឋឲ្យចាកចេញ ពីលំនៅដ្ឋានដើម្បីយកដីប្រគល់ជូនរដ្ឋ។
តាមអ្នកភូមិនិយាយថា លោកហង្ស ប៊ុនថា មន្ត្រីសាលា ស្រុកវាលវែង,លោកភី សុផាតមេភូមិប្រមោយមន្ទីរពេទ្យឧបសម្ព័ន្ធ និងលោកសាន ចាន់ធី មេឃុំប្រមោយ ជាអ្នក ឃុបឃិតគំរាមកំហែងប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់អូរ២ ប៉ុនប៉ងយកដីប្រជាពលរដ្ឋដែលខ្លះកាន់កាប់យូរឆ្នាំមកហើយឬខ្លះបានពីការទិញតគ្នាដោយមានការដឹងឮពីអាជ្ញាធរ។ នៅពេលដែលពួកគេដឹងថា អ្នកភូមិទាំងនោះមានការចេះដឹងតិចតួច។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបាននិងកំពុង រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសតាមរយៈប្រពន្ធផ្សព្វផ្សាយព័ត៌មាន ស្នើឲ្យប្រមុខរាជរដ្ឋាភិបាលសម្ដេចបវរធិបតីហ៊ុនម៉ាណែត ពិនិត្យបច័្ចយមើលករណីមន្ត្រីសាលាស្រុកវាលវែង ដែលកំពុងគម្រាមកំហែងប្រជាពលរដ្ឋនោះផងថា តើផែនការបណ្ដេញប្រជាពលរដ្ឋនោះគឺជាគោល ការណ៍ច្បាប់របស់រាជរដ្ឋាភិបាលឬយ៉ាងណា?
ឆ្លើយតបនឹងបញ្ហានេះ លោកភី សុផាត មេភូមិប្រមោយមន្ទីរពេទ្យឧបសម្ព័ន្ធបានប្រាប់អ្នកកាសែតថា ការស្នើឲ្យប្រជាជនចាកចេញពីលំនៅដ្ឋានលើដីរបស់រដ្ឋនោះ គឺជាកិច្ចការរបស់រាជរដ្ឋាភិបាល មិនមែនជាការនឹកឃើញធ្វើ ឡើងដោយអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-ស្រុក-ខេត្តនោះទេ។ លោកមេភូមិបញ្ជាក់ថា កិច្ចការនេះមានច្បាប់ទម្លាប់ត្រឹមត្រូវហើយប្រជាពលរដ្ឋមិនអាចប្រឆាំងបានឡើយ។ ទោះយ៉ាងណាក៏ដោយលោកមេភូមិហាក់ដូចជាបញ្ជាក់ដោយការគំរាមបន្តិចផងដែរថា ក្នុងនាមអាជ្ញាធរមិនចង់ឃើញមានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានចាប់ខ្លួនព្រោះ តែការរារាំងប្រឆាំងនឹងកិច្ចការងារនេះទេ។ ដូច្នេះអ្វីដែលអាជ្ញាធរមូលដ្ឋានបានស្នើកន្លងមកគឺចង់ឲ្យប្រជាពលរដ្ឋរើចាកចេញដោយសន្តិវិធី។
មេឃុំប្រមោយមិនឆ្លើយតបជាមួយអ្នកកាសែតតាមប្រព័ន្ធតេឡេក្រាមនោះទេ នៅរសៀលថ្ងៃទី២៧ខែតុលាឆ្នាំ២០២៤៕