ខេត្តកណ្ដាល៖ មនុស្សប្រុសស្រី៣នាក់ នាំគ្នាជិះទូកកំសាន្តលេង ដោយមិនចេះហែលទឹក បានលិចទូក បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង ៣០នាទី ស្ថិតនៅចំណុចអាងទឹកព្រែកអ៊ុំ ភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងឲ្យដឹងថា ជនរងគ្រោះស្លាប់ ៣នាក់ ១.ឈ្មោះ ឈន ម៉េងហ៊ាង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ:សិស្ស(ស្លាប់) ២. ឈ្មោះ ហុង ណារី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ: កម្មការិនីរោងចក្រ(ស្លាប់) ៣.ឈ្មោះ ខែម សីហា ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ(ស្លាប់) អ្នកទាំង៣ នាក់ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើមានមនុស្សចំនួន១០នាក់ បាននាំគ្នាជិះទូកលេងកំសាន្តនៅចំណុចកើតហេតុខាងលើ រួចក៏បានលិចទូកបណ្ដាលឱ្យជនរងគ្រោះ៣នាក់ខាងលើ បានស្លាប់បាត់បង់ជីវិតតែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើង ប្រជាពលរដ្ឋបាននាំគ្នាផ្អើលឆោឡោ ជួយសង្រ្គោះ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ និងរាយការណ៍ជូនសមត្ថកិច្ចដើម្បីពិនិត្យ ។ បន្ទាប់ពីពិនិត្យរួច សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕