(អ.ស.ប.) ÷លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជួបពិភាក្សាការងារជាមួយ លោក António Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសលោកអញ្ជើញចូលរួម ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩។

ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជាមានក្តីសោមនស្សរីករាយទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចចំនួន ៤ របស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្នុងចន្លោះខែឧសភា និងខែកក្កដា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។

បន្ថែមលើនេះ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនថា ថ្វីត្បិតតែកម្ពុជាជាប្រទេសតូច និងធ្លាប់ឆ្លងកាត់សោកនាដកម្មនៃសង្គ្រាមរាំរ៉ៃជាច្រើនទសវត្សរ៍ក៏ដោយ កម្ពុជាបច្ចុប្បន្ននេះមានមោទនភាពដែលបានចូលរួមបញ្ជូនកងកម្លាំងក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

អគ្គលេខាធិការ ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ចំពោះការរួមចំណែកយ៉ាងសំខាន់របស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទូទាំងពិភពលោក។ ឯកឧត្តមអគ្គលេខាធិការក៏បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងអង្គការសហប្រជាជាតិក្នុងវិស័យជាច្រើនផ្សេងទៀត និងបានកោតសរសើរកម្ពុជាចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកផងដែរលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការនេះ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed