ខេត្តតាកែវ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញអញ្ជើញចុះសួរសុខទុក្ខមន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងការផ្តល់សេវាសុខាភិបាល នៅមណ្ឌលសុខភាពក្រាំងស្លា ខេត្តតាកែវ អំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ សកម្មភាពរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានធ្វើឡើងកាលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងជំរុញដល់មន្រ្តីមណ្ឌលសុខភាព ខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល និងត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំ ដូចជាការកត់ត្រារក្សាទុកឯកសារអ្នកជំងឺឱ្យបានត្រឹមត្រូវ ការរក្សាអនាម័យឱ្យបានស្អាតក្នុងមណ្ឌល រួមទាំងបរិស្ថានជុំវិញ និងខិតខំថែរក្សាសម្ភារៈប្រើប្រាស់ឱ្យបានគង់វង្ស ធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាសុខភាព ឈរលើគោលការណ៍សុវត្ថិភាព គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ជូនបងប្អូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលខិតខំប្រើប្រាស់សមត្ថភាពវិជ្ជាជីវៈជាពេទ្យ យកអស់ កម្លាំងកាយចិត្ត និងស្មារតី បម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ និងសូមជូនពរដល់មន្រ្តី បុគ្គលិកនៅមណ្ឌលសុខភាពក្រាំងស្លា ក៏ដូចជានៅគ្រប់មូលដ្ឋានសុខាភិបាលទូទាំងប្រទេស សូមមានសុខភាពល្អបរិបូណ៍ សំរេចបានជោគជ័យគ្រប់ភារកិច្ចការងារចំពោះមុខ និងសូមអោយការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ភាពរីករាយគ្រប់ទីកន្លែង ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed