(ភ្នំពេញ) ៖ ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំង ក្រុមការ ងារដើរព្រៃ កីឡាករ កីឡាការិនី លើងភ្នំ និងវិស័យឯកជន កាលពីថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៤ បានចូលរួមផ្សព្វផ្សាយភាពស្អាត បៃតង និងដាំកូនឈើ ជាមួយសិស្សានុសិស្សនៅសាលាបឋមសិក្សាតាភន ស្ថិតនៅភូមិភ្នំតាឱស ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីនេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួង បរិស្ថាន បានលើកឡើងថា ក្រសួង បរិស្ថាន បានកំណត់ទិសដៅការងារជាអាទិភាពនៅក្នុងអាណត្តិរាជរដ្ឋា ភិបាលនីតិកាលទី៧នេះ គឺការលើក កម្ពស់ការយល់ដឹង និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទនិងទម្លាប់ការរស់នៅ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដោយការរស់នៅប្រកប ដោយភាពស្អាត ភាពបៃតង និងចីរភាព ដែលបានកំណត់ជាសសរស្តម្ភនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។
លោកបានថ្លែងអំណរគុណ និងលើកទឹកចិត្តបន្ថែមដល់អាជ្ញាធរ អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ចូលរួមបង្កើតភាពស្អាត កាត់បន្ថយការបំពុលដោយសំរាមប្លាស្ទិក តាមរយៈយុទ្ធនាការបន្តបន្ទាប់ របស់ក្រសួងបរិស្ថាន ដែលក្នុងនោះក្នុងជំហានទី១ គឺការប្តេជ្ញាចិត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្តិកទេ» និងចូលរួមអនុវត្តរើសសំរាម ប្លាស្ទិក សម្អាតផ្ទះ និងមូលដ្ឋានរបស់ខ្លួនឱបានស្អាត តាមរយៈយុទ្ធនាការអនុវត្តគឺ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលកន្លងមកទទួលបានការចូលរួមពីប្រជាពលរដ្ឋរាប់លាននាក់នៅទូទាំងប្រទេស ហើយនៅក្នុងជំហានបន្ទាប់នោះប្រជាពលរដ្ឋត្រូវចេះទុកដាក់និងញែកសំរាមឱ្យបានត្រឹមត្រូវ ដើម្បីភាពស្អាតនៅតាមផ្ទះសម្បែង ក្នុងមូលដ្ឋាន និងកម្ពុជាស្អាតទាំងក្នុង និងលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា ក្នុងពិធីផ្សព្វផ្សាយការងារបរិស្ថានជាមួយសិស្សានុសិស្សនៅសាលាបឋមសិក្សាតាភន អ្នកចូលរួម បានចែកសម្ភារសិក្សា សម្ភារការិយាល័យ អំពូលភ្លើងសូឡា និងថ្នាំពេទ្យមួយចំនួន ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស និងបានចូលរួមដាំកូនឈើ ចំនួន១៥០ ដើម ដែលផ្តល់ជូនដោយមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង សម្រាប់ជួយបង្កើនភាពបៃតង ដល់មូលដ្ឋានសាលារៀនក្នុងតំបន់ ៕