(កំពង់ស្ពឺ) ៖ កម្លាំងកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់ល្បាតនៅតាមដងផ្លូវសំខាន់ៗ ដើម្បីត្រួតពិនិត្យការដឹកជញ្ជូន ការចរាចរអាវុធជាតិផ្ទុះគ្រប់ប្រភេទ និងស្លាកលេខ ខ.ម. ក្លែងក្លាយដែលបំពាក់លើរថយន្តដោយគ្មានការអនុញ្ញាត។ នេះបើតាមការបញ្ជាក់របស់លោកឧត្តម សេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ។

លោកឧត្តម សេនីយ៍ត្រី ម៉េង ស៊្រុនបន្តថា ក្រោយទទួលបទបញ្ជាពីនាយឧត្តម សេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងការណែនាំពីអភិបាលខេត្តកំពង់ស្ពឺ កម្លាំងជំនាញអាវុធហត្ថខេត្តបានចេញល្បាតប្រចាំតាមគោលដៅសំខាន់ៗដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសនានា ដែលប៉ុនប៉ងយាយីដល់សេចក្តីសុខ សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាមួយនឹងប្រតិបត្តិការល្បាតនេះដែរ កម្លាំងអាវុធហត្ថខេត្តក៏បានធ្វើការឆែកឆេរនិងត្រួតពិនិត្យនូវរាល់រថយន្តដែលចរាចរណ៍នៅពេលយប់ដើម្បីត្រួតពិនិត្យការដឹកជញ្ជូន ការចរាចរអាវុធជាតិផ្ទុះគ្រប់ប្រភេទក្នុងបំណងទុច្ចរិត ពិសេសគឺត្រួតពិនិត្យការប្រើប្រាស់ស្លាកលេខ ខេមរភូមិន្ទក្លែងក្លាយបំពាក់លើរថយន្តដោយខុសច្បាប់។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការច្រើនថ្ងៃកន្លងមកនេះកម្លាំងជំនាញអាវុធហត្ថខេត្តនៅមិនទាន់រកឃើញវត្ថុតាងល្មើសខាងលើនោះទេ ទាំងបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋបានយល់ដឹងខ្ពស់ពីការប្រើប្រាស់អាវុធជាតិផ្ទុះដោយគ្មានការអនុញ្ញាត ពិសេសគឺស្លាកលេខ ខ.ម. ដែលជាស្លាកលេខអង្គភាពខេមរភូមិន្ទនេះតែម្តង ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed