ខេត្តតាកែវ៖ រថយន្តម៉ាក Ford ២គ្រឿងបើកដេញបុកគ្នាពេញផ្អើលក្រុងដូនកែវ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋទាំងព្រឹកនៅថ្ងៃទី២៣ ខែមករា ឆ្នាំ
២០២៥នេះ វេលាម៉ោង ៨និង៤៥នាទី ត្រូវបានសមត្ថកិច្ចនគរបាលក្រុងដូនកែវ ឃាត់រថយន្តបាននៅចំនុច ភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ នឹងបានយករថយន្តទាំង២គ្រឿងរួមមានរថយន្ដម៉ាក ford territory ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CC-2424 ០១គ្រឿង និងរថយន្ដម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BY-6072 ១គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ចំណែកភាគីម្ចាស់រថយន្ដ Ford ពណ៌ខ្មៅ ត្រូវបានបក្ខពួកបើកឡានមករំដោះគេចខ្លួនបាត់។
លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវបានឱ្យដឹងថា ករណីខាងលើជារឿង អ្នកលក់រថយន្ត និងអ្នកទិញរថយន្ដបង់រំលោះ ដែលមិនបានបំពេញតាមគោលការណ៍ក្រុមហ៊ុនបង់ប្រាក់តាមការ កំណត់ ហើយមានការគេចវេសពីក្រុមហ៊ុន ទើបធ្វើឱ្យភាគីជាម្ចាស់លក់រថយន្ដ បើកឡានតាមរក ស្រាប់តែប្រទះឃើញនៅក្រុងដូនកែវ ហើយហៅឲ្យឈប់តែម្ចាស់រថយន្ដពណ៌ខ្មៅ មិនបានឈប់ឡើយ ថែមទាំងព្យាយាមបើករត់គេច ទើបភាគីរថយន្ដ ford ពណ៌ស ខាងក្រុម ហ៊ុនបង់រំលោះរថយន្ដ ជិះតាមជែងគៀរ និងបុកពី ក្រោយ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅកណ្ដាលក្រុងដូនកែវ បង្កការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋទាំងព្រលឹងចុងសក់ រហូតទៅឈប់នៅជាយក្រុង ឋិតនៅភូមិឃុំ-សង្កាត់ខាងលើ ។
លោកឧត្ដមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ បានបញ្ជាក់ថា ការគេចវេសមិនបង់លុយជារឿងមួយ ករណីបើកបុកបង្កឱ្យគ្រោះថ្នាក់ជារឿងគ្រោះ ថ្នាក់ចរាចរណ៍មួយ ដោយឡែកករណីមានចេតនាបើកបំបុក វាជារឿងព្រហ្មទណ្ឌ ដែលសកម្មភាពនេះមិនមានកិច្ច សហការជាមួយនិងសមត្ថកិច្ចណាឡើយ៕