(ខេត្តកំពង់ស្ពឺ) ៖ លោក ច័ន្ធថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំមន្ត្រីរាជការមន្ទីរបរិស្ថានខេត្ត និងការិយាល័យតំបន់ការពារធម្មជាតិទាំង៣ ដោយមានចូលរួមសហការពីក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន ដែលមានអ្នកចូលរួមសរុប១០០នាក់ ស្រី៤០នាក់ បានធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កម្ពុជាស្អាត ពន្លកបៃតង ខ្មែរធ្វើបាន និងដាំកូនស្រល់ចំនួន១០០ដើម នៅស្នាក់ការឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ គិរីរម្យ ។ លោកមានសុទិដ្ឋិនិយមថា យុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» និង«កម្ពុជាស្អាត ខ្មែរធ្វើបាន» នឹងរីកសាយទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាមានភាពស្អាតមិនបំពុលដោយថង់ប្លាស្ទិក។ ការលើកឡើងដូចនេះក្នុងយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់ នៃការប្រើប្រាស់ថង់ប្លាស្ទិកដល់អ្នកចូលរួម ធ្វើពិធីផ្សព្វផ្សាយកម្ពុជាស្អាត និងប្រមូលសំរាម ចំនួន ៥ ទីតាំង រួមមាន ចំណុចអូររំចត ចំណុចព្រះអង្គគោកធ្លក ចំណុចរង្វង់មួយនាគព័ន្ធ ចំណុចព្រះរាជដំណាក់ចាស់ តំបន់សួនឧទ្យានគីរីរម្យខេត្តកំពង់ស្ពឺទាំ៥ទីតាំង នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។
លោក ច័ន្ទថេត ថានរ: ប្រធានមន្ទីររិស្ថានខេត្តកំពង់ស្ពឺ បានលើកឡើងថា យុទ្ធនាការ ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក និងកម្ពុជាស្អាត ខ្មែរធ្វើបាន នឹងបានជាចំណែកព្យាបាលពីការបំពុលដោយថង់ប្លាស្ទិក ដោយក្នុងនោះផ្តើមចេញពីយើងទាំងអស់គ្នា។ យុទ្ធនាការនេះដែរនឹងរីកសាយភាយ ទូទាំងខេត្ត ធ្វើយ៉ាងណាឱ្យផ្ទះយើងស្អាត ខេត្តយើងស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគនានាឱ្យមកវិនិយោគនៅក្នុងប្រទេសឱ្យកាន់តែច្រើនបន្ថែមទៀត។
លោក ច័ន្ទ ថេត ថានរ: ក៏បានបង្ហាញក្តីរំពឹងថា យុទ្ធនាការ ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ និងកម្ពុជាស្អាត ខ្មែរធ្វើបាន នឹងទទួលបានជោគជ័យត្រឹមរយៈពេល១ឆ្នាំគឺឆ្នាំ២០២៥។ ក្នុងនាមប្រធានមន្ទីរបរិស្ថាន លោកនឹងព្យាយាមធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទូទាំងខេត្ត ចេញមកសម្អាតបរិស្ថាន ជុំវិញផ្ទះ សាលារៀន មន្ទីរពេទ្យ វត្តអារាម គ្រឹះស្ថាន រោងចក្រ សហគ្រាសយ៉ាងហោចណាស់ ២ដងក្នុងសប្តាហ៍ នោះនឹងធ្វើឱ្យកម្ពុជាស្អាត។ នៅក្នុងឆ្នាំ២០២៤ កម្ពុជាបានកាត់បន្ថយការនាំចូលប្លាស្ទិកប្រមាណជា ៧៥ភាគរយ តាមរយៈការដាក់ចេញនូវយុទ្ធនាការនានា ហើយទន្ទឹមនឹងយុទ្ធនាការនេះនឹងធ្វើឱ្យកម្ពុជាអាចបន្ថយការបំពុលដោយថង់ប្លាស្ទិកកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
លោក ច័ន្ទថេត ថានរ: បានបញ្ជាក់បន្ថែមថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការសម្អាតអនាម័យបរិស្ថាននៅតាមមូលដ្ឋាន ប្រមូលទុកដាក់សំរាម រួមទាំងការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ ធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និង សុខុមាលភាពប្រជាពលរដ្ឋបានល្អប្រសើរ ស្របនឹងភាពស្អាត ដែលជាមុំយុទ្ធសាស្រ្តអាទិភាពទី១ ចែងក្នុងយុទ្ធសាស្រ្តចក្ខុវិស័យបរិស្ថាន។
សូមបញ្ជាក់ថា អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងផ្អែកលើមូលដ្ឋានច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តជាតិ ដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ យុទ្ធសាស្រ្តចក្ខុវិស័យបរិស្ថាន ឆ្នាំ២០២៣- ២០២៨ ដែលផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតងនៅកម្ពុជា។
លោកប្រធានមន្ទីរបរិស្ថានបានគូសបញ្ជាក់ថាមកដល់ពេលនេះបានដឹកនាំក្រុមការងារដាំកូនឈើប្រណិត បេង នាងនួន កកោះ ដើមក្ងោក និងដើមស្រល់ ប្រមាណជាង ៥,០០០ដើម និងធ្វើបង្គន់សាធារណៈនៅសួនឧទ្យានគិរីរម្យសម្រាប់ប្រើប្រាស់ទូទៅដោយឥតគិតថ្លៃផងដែរ៕