(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១កញ្ញានេះក្រសួងមុខងារសាធារណៈដំណើរការ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួងអប់រំ យុវជន និងកីឡា (វិញ្ញាសាសរសេរលើកទី១) សម្រាប់ផែនការឆ្នាំ២០២៣ ។
ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សាសម្រាប់ផែនការឆ្នាំ២០ ២៣ មានបេក្ខជន ដាក់ពាក្យប្រឡងសរុបចំនួន ២០០២០នាក់ សម្រាំងយកតែចំនួន ១០,៥១១ នាក់ ស្ត្រី ៩,០៤៣ នាក់ ក្នុងនោះមានបេក្ខជនដែលមានពិការភាព ៣៣ នាក់ ស្ត្រី ២៣នាក់។
សម្រាំងយកតែ៦០០ នាក់ប៉ុណ្ណោះសម្រាប់ចូលរួមក្នុងដំណើរការប្រឡងប្រជែង វិញ្ញាសាសរសេរលើកទី២
ការរៀបចំការប្រឡងប្រជែង នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
សម័យប្រឡងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។ ការប្រឡងប្រជែងបែងចែកជា ២ វេន វេនទី១ ៖ រយៈពេល២ម៉ោង (១២:០០នាទី-១៤:០០នាទី) ក្នុងនោះមានបេក្ខជនមកពីខេត្តចំនួន១២ រួមមាន ៖ ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តរតនគិរី ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ រាជធានីភ្នំពេញ ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។
ចំពោះវេនទី២៖ រយៈពេល២ម៉ោង (១៦:០០នាទី-១៨:០០នាទី) សម្រាប់បេក្ខជនមកពីខេត្ត ចំនួន១៣ រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តសៀមរាប ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង។ វិញ្ញាសាសរសេរលើកទី១
សំណួរពហុចម្លើយពាក់ព័ន្ធនឹងវប្បធម៌ទូទៅ (៣០%) និងគណិតវិទ្យា (៧០%) រយៈពេល២ម៉ោង (តាមកម្មវិធីថ្នាក់ទី១២) ។ វិញ្ញាសាសរសេរលើកទី២
វិញ្ញាសាសរសេរ ៖ គណិតវិទ្យា រយៈពេល២ម៉ោង ១០០ពិន្ទុ (មេគុណ១)
វិញ្ញាសាសរសេរ ៖ អក្សរសាស្ត្រខ្មែរ រយៈពេល២ម៉ោង ១០០ពិន្ទុ (មេគុណ១)
ប្រើប្រាស់បន្ទប់ប្រឡងចំនួន ២៤៨បន្ទប់ (ចែកជា ២វេន)។
ចំពោះអត្ថប្រយោជន៍ការងារ បេក្ខជនដែលប្រឡងជាប់ជាស្ថាពរនឹងត្រូវទទួលការបណ្តុះបណ្តាលគរុកោសល្យ និងធ្វើកម្មសិក្សា ដោយទទួលបានប្រាក់អាហារូបករណ៍យ៉ាងតិច ៧០% នៃបៀវត្សសរុបរបស់ក្របខណ្ឌគ្រូបង្រៀន ទៅតាមប្រភេទ ក្របខណ្ឌ។
ប្រភេទក្របខណ្ឌដែលត្រូវទទួលបានក្រោយការបណ្តុះបណ្តាលគរុកោសល្យជាប់ជាស្ថាពរ រួមមាន៖ មធ្យមសិក្សាទុតិយភូមិ+៤ (១២+៤) នឹងទទួលបានក្របខណ្ឌប្រភេទ “ក”។
មធ្យមសិក្សាទុតិយភូមិ+២ (១២+២) នឹងទទួលបានក្របខណ្ឌប្រភេទ “ខ” ៕