(ភ្នំពេញ ) ៖ ដើម្បីអោយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដាច់ខាតយើងត្រូវរួមគ្នាទប់ស្កាត់អោយបាន ក្រុមជ្រុលនិយម និងក្រុមអមិត្ត ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
នេះគឺជាការលើកឡើងរបស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តល និងជាប្រធានគណៈបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសៅរ៍ទី៣១ សីហា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ខ៧មករា ដោយមានការចូលរួមអបអរសាទរពីសមាជិក សមាជិកា ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ ខណ្ឌ៧មករាចំនួន៤៤២នាក់នៅមន្ទីរបក្សរាជធានីភ្នំពេញ។

លោក លី ឆេង អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដង្កោ ត្រូវបានប្រកាស ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខណ្ឌ៧មករាជំនួសល៩លោក នួន ផារត្ឋ៏ ដែលត្រូវផ្លាស់ប្តូរភារកិច្ចថ្មី។
ថ្លែងក្នុងពិធីនោះ លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមជាឃោសនឹករបស់គណបក្សប្រជាជនកម្ពុជា ត្រូវចេះបកស្រាយ ឆ្លើយតទៅលើការញ៉ុះញ៉ងរបស់ពួកអមិត្ត ដូចជាថ្មីៗនេះ ក្រុមជ្រុលនិយម ក្រុមអមិត្តបានយក កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA មកធ្វើជាបញ្ហា ដោយញ៉ុះញ៉ងអោយមានការប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា “ដើម្បីអោយប្រទេសកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ លុះត្រាតែយើងទាំងអស់គ្នា រួមគ្នាទប់ស្កាត់អោយបាន ក្រុមជ្រុលនិយម និងក្រុមអមិត្ត ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។លោកថាយើងត្រូវបន្តរួមគ្នាយកជ័យជំនៈក្នុងការបោះឆ្នោតអោយបាននៅឆ្នាំ២០២៧និង២០២៨ខាងមុខ តាមរយៈបន្តចុះមូលដ្ឋាន ដើម្បីដឹងពីសុខទុក្ខប្រជាពលរដ្ឋ ដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន” ។

លើសពីនេះទៀតលោក ឃួង ស្រេង បានណែនាំអោយសមាជិក សមាជិកានិងឃោសនឹករបស់គណបក្សប្រជាជនកម្ពុជា ផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានជ្រោតជ្រាបពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីអោយប្រជាពលរដ្ឋកាន់តែយល់ច្បាស់លាស់ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោក បានបញ្ជាក់ថា បក្សប្រឆាំងបានយកគណបក្សប្រជាជនកម្ពុជាជាសត្រូវ ដូច្នេះក្នុងនាមសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការបំភ្លៃការពិត ដោយញ៉ុះញ៉ងអោយមានចលនាប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *