ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១០នៅសាលសន្និសីទរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតក្រោមអធិបតីភាពលោក មាន សទិ សមាជិក គ.ជ.ប និងជាប្រធាន ដឹកនាំកិច្ច ប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នីតិវិធីនៃ ការចុះឈ្មោះបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត និងលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២៣។
លោក មាន សទិ បានមានប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ មានរយៈពេល ១៦ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃ អាទិត្យ ដែលពេលព្រឹកចាប់ពីម៉ោង ៧:០០ដល់ម៉ោង ១១ៈ៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ២: ០០ ដល់ម៉ោង ៥:៣០នាទីល្ងាច នៅតាមសាលាឃុំ សង្កាត់ និង ទីតាំងមួយចំនួនក្នុងឃុំ សង្កាត់។ លោកបន្តថា ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ក្នុងឆ្នាំនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) មិនបាន បិទការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទេ។
អំពីនីតិវិធីចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ លោកមាន សទី បានមាន ប្រសាសន៍ថា ការចុះឈ្មោះបោះឆ្នោត គឺសម្រាប់ពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលទើប គ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤(កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦) ហើយដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។ ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះឈ្មោះ បោះឆ្នោត ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះ បោះឆ្នោត។ ប្រសិនបើប្រជាពលរដ្ឋមិន បានបំពេញតាមលក្ខខណ្ឌ ដូចបានជម្រាបជូនខាងលើទេ នោះប្រធានក្រុមចុះឈ្មោះបោះឆ្នោត នឹងសម្រេចបដិសេធការស្នើសុំចុះឈ្មោះ ដោយចេញ ទម្រង់បដិសេធ ១០០៩ ហើយប្រជាពលរដ្ឋដែលត្រូវបានបដិសេធអាចប្តឹងទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈ ពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលទម្រង់បដិសេធ ១០០៩ ហើយនីតិវិធីត្រូវធ្វើ បន្តបន្ទាប់តាមច្បាប់បោះឆ្នោត រហូតដល់ក្រុមប្រឹក្សាធម្មនុញ្ញ។
អំពីការបញ្ជូនទិន្នន័យមក គ.ជ.ប លោកមាន សទិ បានមានប្រសាសន៍ថា ជារៀងរាល់ថ្ងៃ ក្រុមចុះឈ្មោះបោះ ឆ្នោតត្រូវបញ្ជូនទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រមកនាយកដ្ឋានគ្រប់គ្រងទិន្នន័យ អ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ដើម្បីឱ្យនាយកដ្ឋានត្រួតពិនិត្យការងារជាប្រចាំ។ លោកបន្តថា នីតិវិធីនៃការចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រមានភាពងាយស្រួល និងច្បាស់លាស់។ លើសពីនេះ គ.ជ.ប អាចបង្កើតបញ្ជីបោះឆ្នោតដំបូងព្រមគ្នានៅទូទាំងឃុំ សង្កាត់ក្នុងប្រទេស ហើយការបិទផ្សាយ ត្រូវធ្វើនៅថ្ងៃតែមួយ គឺថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ រួមទាំងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវ លុបចេញពីបញ្ជីបោះឆ្នោត។
អំពីការដាក់ការទទួល និងការដោះស្រាយពាក្យបណ្តឹង លោក មាន សទិ មានប្រសាសន៍ថា ជនណាក៏ ដោយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ាទៅក្រុមប្រឹក្សាឃុំ សង្កាត់ ឬ គ.ជ.ប ឬ ក្រុមប្រឹក្សាធម្មនុញ្ញ អំពីបញ្ហាទាំងឡាយពាក់ ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត ប្រសិន បើមានភស្តុតាង បញ្ជាក់ថា មានភាពមិនប្រក្រតីដូចមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ ឬច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឬ/និងបទបញ្ជា និងនីតិវិធីសម្រាប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ឬ/និងបទ បញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។ លោកបន្តថា យន្តការ និងសមត្ថកិច្ចក្នុងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹង ទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត មាន ៣ថ្នាក់ គឺថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ គ.ជ.ប និង ថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ ហើយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា។
អំពីលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញ លោក មាន សទិ មាន ប្រសាសន៍ថា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ការចែកលិខិតអញ្ជើញអ្នកចុះ ឈ្មោះបោះឆ្នោត បានចំនួន ៩.០១២.៨៤២នាក់ ស្មើ នឹង ៩១,៣០%។ ការចែកលិខិតអញ្ជើញតាមភូមិត្រូវបានបញ្ចប់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នេះហើយ តែប្រជាពលរដ្ឋដែលមិនទាន់បានទទួលលិខិតអញ្ជើញសូមទៅទទួលលិខិតអញ្ជើញនៅសាលាឃុំ សង្កាត់ ដែលប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នៃឃុំ សង្កាត់នោះ។លោកបានបញ្ជាក់បន្ថែមថា គ.ជ.ប បានត្រៀមការងាររួចអស់ហើយ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នេះ រួមមាន ច្បាប់នីតិវិធី សម្ភារ បច្ចេកទេស ការបណ្តុះ បណ្តាល ការផ្សព្វផ្សាយអប់រំសាធារណជន ព្រមទាំងកិច្ចសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់
ដើម្បីឱ្យការងារសម្រេចបានលទ្ធផលល្អ។
ជាចុងក្រោយ ក្នុងនាម គ.ជ.ប លោក មាន សទិ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឱ្យ អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ហើយ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា តាមរយៈការខិតខំប្រឹងប្រែងរួម និងដោយការទទួលខុសត្រូវខ្ពស់ យើងនឹងទទួលបានលទ្ធផ ជោគជ័យ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះតំណាងក្រសួង ស្ថាប័ន គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលចំណាយពេលវេលាអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។
ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងសង្គម- កិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងគណបក្សនយោបាយ ចំនួន ១០ គណបក្ស តំណាង សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១១ ព្រមទាំងអ្នកសារព័ត៌មាន ចំនួន ១២ អង្គភាព សរុបអ្នកចូលរួមចំនួនប្រមាណ ៦០ នាក់៕