ខេត្តកំពង់ស្ពឺ៖ អ្នកវិនិយោគមកពីខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានទម្លាក់ទុនវិនិយោគនូវទឹកប្រាក់ជាង ៥០លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឆ្នាំងចំអិនភីហ្សានៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមជំនួបរវាងអ្នកវិនិយោគចិន និងអភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ។

លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា អ្នកវិនិយោគ នៃខេត្តជឺជាំង ប្រទេសចិន លោក XIA RUZHONG បានសម្រេចទម្លាក់ទុនដ៏ច្រើននេះនៅក្នុងកំពង់ស្ពឺ ក្រោយពេលដែលលោកបានចុះសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅក្នុងប្រទេសវៀតណាមចំនួន ៨លើក និងប្រទេសថៃចំនួន២លើក។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងបន្តថា ប្រទេសកម្ពុជា ជាប្រទេសទីមួយ និងចុងក្រោយ ដែលលោកXIA RUZHONG បានមកដល់ និងយល់ពីឱកាសវិនិយោគ ហើយការសម្រេចចិត្តធ្វើឡើងត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ ក្រោយពេលមកដល់ប្រទេសកម្ពុជា។ លោកថា ក្រោយមកដល់ អ្នកវិនិយោគរូបនេះ និងក្រុមការងារបានសម្រេចទម្លាក់ទុន និងជ្រើសយកស្រុកសំរោងទងជាស្រុកគោលដៅ និងតាំងរោងចក្រផលិត។

លោក អភិបាលខេត្ត ក៏បានបង្ហាញពីសក្តានុពលខេត្តកំពង់ស្ពឺ និងឱកាសវិនិយោគសម្រាប់ក្រុមហ៊ុនដែលមានបំណងចង់ដាក់ទុនរកស៊ីនៅក្នុងខេត្តនេះ។ នៅឆមាសទីមួយក្នុងឆ្នាំ២០២៤ ខេត្តកំពង់ស្ពឺ មានរោងចក្រចំនួន ៣០ត្រូវបានបើកទ្វារដំណើរ និងមានរោងចក្រជាច្រើនផ្សេងទៀតកំពុងសាងសង់។ បច្ចុប្បន្នខេត្តមានរោងចក្រប្រមាណ ៤២៣កន្លែង និងមានសហគ្រាសធុនតូច និងមធ្យម ប្រមាណជិត១០០០កន្លែង មានកម្មករ កម្មការិនីជាង ២សែននាក់ កំពុងធ្វើការ ហើយក្នុងចំណោមរងចក្រទាំងនោះអ្នកវិនិយោគប្រមាណជា៩០%ជាជនជាតិចិន ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed