ខេត្តកំពង់ស្ពឺ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ  លោកតាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់និងសុរិយោដីខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីតំណាងមន្ទីរជុំវិញខេត្ត  លោក លោកស្រីមន្ត្រីការិយាល័យរៀបចំដែនដីនិងសំណង់និងភូមិបាលស្រុក  លោក ប៉ោយ ប៉ូលីប្រធានការិយាល័យ ដ.ន.ស.ភ. ខ័ណ្ឌសែនសុខ ជាប្រធានក្រុមវាលទី១៤ ព្រមទាំងមន្ត្រីវាស់វែងដីធ្លី  អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងទាំងបី បានប្រារព្ធពិធីចែកជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ជូនប្រជាពលរដ្ឋចំនួន០៩ភូមិ រួមមានភូមិបន្ទាយរកា ភូមិក្រសាំងខ្ពស់ ភូមិត្រពាំងប្រិយ៍ ភូមិក្រាំងគរ ភូមិក្រាំងក្រូច ភូមិដក់ពរ ភូមិព្រៃទទឹង ភូមិដូង និងភូមិព្រៃការហៀច ឃុំក្រាំងដីវ៉ាយ  ស្រុកភ្នំស្រួច ដែលមានក្បាលដីសរុបចំនួន ៨.៤២៤ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ពិធីនេះប្រារព្ធនៅសាលាឃុំក្រាំងដីវ៉ាយ ។

លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្ត មានប្រសាសន៍ថា ចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនបងប្អូនប្រជាពលរដ្ឋមកពី០៩ភូមិ ក្នុងឃុំក្រាំងដីវ៉ាយ ចំនួន ៨.៣៤៨ក្បាលដី  មានន័យថាបានបញ្ចប់វិវាទនិងទំនាស់ក្នុងមូលដ្ឋាន ថែមទាំងបំពេញតម្រូវការចាំបាច់ សម្រាប់ប្រើប្រាស់បងប្អូនតាមផ្លូវច្បាប់ផងដែរ។

មានប្រសាសន៍សំណេះសំណាល នាឱកាសដ៍ឧត្តុងឧត្តមនេះ លោក បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារវាស់វែងដីធ្លីទទួលបានលទ្ធផលល្អប្រសើរ ជាមួយគ្នានេះដែរឯ.ឧ បណ្ឌិត ក៍បានសង្កត់ធ្ងន់ សូមឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ សហការជាមួយអាជ្ញាធរចំណាត់ការទៅលើក្មេងទំនើងល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាគ្រឿងញៀន និងចរាចរណ៍ផ្លូវគោក ដែលធ្វើឲ្យប៉ះពាល់ដល់ ធនធានមនុស្ស សេដ្ឋកិច្ច សណ្ដាប់ធ្នាប់ក្នុងឃុំ សង្កាត់មានសុវត្ថិភាព  នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ព្រមទាំងបានកំណត់យកអាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គម។ ទន្ទឹមនេះ ការគ្រប់គ្រង និងការធ្វើទំនើបកម្ម នគររូបនីយកម្ម ជាមុំមួយនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដោយបន្តដំណើការកែទម្រង់ដីធ្លី ជំរុញការចុះបញ្ជី និងការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវ កាត់បន្ថយវិវាទឱ្យកាន់តែមានប្រសិទ្ធភាព។

លោកបណ្ឌិត បានលើកឡើងថា ក្នុងដំណើរការនៃការកែទម្រង់ដីធ្លី ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់  ព្រមទាំងមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺបានជំរុញ និងកំណត់ គោលដៅជាយុទ្ធសាស្រ្តក្នុងការចុះបញ្ជីដីធ្លីឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៥។ ដោយឡែកក្នុង ក្របខណ្ឌខេត្តកំពង់ស្ពឺ ដោយមានការគាំទ្រទាំងបច្ចេកទេស និងក្រុមការងារមកពី រាជធានីភ្នំពេញ អាចឈានសម្រេចគោលដៅនាចុងឆ្នាំ២០២៤នេះ។ លោកបណ្ឌិតក៏បានផ្ដាំផ្ញើឱ្យបងប្អូនម្ចាស់កម្មសិទ្ធិចេះថែរក្សារប្លង់ដីនិងប្រើប្រាស់ឲ្យមានប្រយោជន៍ ហាមកុំឲ្យដាក់ខ្ចីលុយដើម្បីលេងល្បែងខុសច្បាប់ផ្សេងៗ ដែលបណ្ដាលឲ្យមានការខាតបង់ថ្ងៃអនាគត។

ក្នុងឱកាសដ៍ថ្លៃថ្លានោះដែរលោកបណ្ឌិត និងក្រុមការងារបានផ្ដល់កិត្តិយសក្នុងការប្រគល់ប័ណ្ណជូនប្រជាពលរដ្ឋផងដែរ។ស្របពេលនោះតំណាងប្រជាពលរដ្ឋទូទាំងឃុំក៍បានថ្លែងអំណរគុណដល់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងអាជ្ញាធរស្រុក និងក្រុមការងារវាស់វែងដីធ្លី ដែលបានខំប្រឹងប្រែងពុះពារបំពេញតួនាទីនិងភារកិច្ច ទទួលបានលទ្ធផលជាផ្លែផ្កានាថ្ងៃនេះ ។

ឆ្លៀតក្នុងឱកាសនោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងទាំងបី និងបងប្អូនប្រជាពលរដ្ឋ គាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងកិច្ចសហប្រតិបត្តិការ C.L.V ដែលជាតំបន់អភិវឌ្ឍន៍ត្រីកោណ D.T.A ដែលជាគំនិតផ្តួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed