ភ្នំពេញ÷យោងតាមការផ្សាយរបស់គេហទំព័រក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី១៩ខែសីហាឆ្នាំ ២០២៤ នេះបានឲ្យដឹងថា សត្វផ្សោតមួយក្បាលបានងាប់ដោយជាប់នឹងមងអ្នកនេសាទ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម សោតដែលងាប់នោះ មានអាយុក្រោម ១០ឆ្នាំ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដី សោកស្ដាយសូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា មានសត្វផ្សោតជំទង់១ក្បាល បានស្លាប់ត្រង់ចំណុចក្បាលកោះព្រហ្មចារី ក្បែរអន្លង់កាំពី ក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយជាប់នឹងមងនេសាទក្រឡា១៥សង់ទីម៉ែត្រ។
ផ្សោតដែលស្លាប់នេះ មានលេខកូដសម្គាល់១៣៩ ភេទញី ប្រវែង២,១០ម៉ែត្រ ទម្ងន់១០៨គីឡូក្រាម អាយុ ប្រមាណពី៨ទៅ១០ឆ្នាំ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកការស្លាប់របស់សត្វផ្សោតជំទង់នេះ ជាការបាត់បង់រតនសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់កម្ពុជានិងពិភពលោក។
ទន្ទឹមនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជានេសាទ ត្រូវបញ្ឈប់ការប្រើឧបករណ៍នេសាទមងក្នុងតំបន់ផ្សោតរស់នៅនិងឧបករណ៍ឆក់ជាបន្ទាន់ និងសូមផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍ឆក់ត្រីនិងមងក្នុងតំបន់ផ្សោតរស់នៅ តាមរយៈលេខទូរស័ព្ទ៖ ០៩៧ ៦៦៦ ៤៩៩៩ / ០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ /០១២ ៨៩៧ ៩៤៣៕