នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សពិភពលោក នៅឧទ្យានជាតិកែប ខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដោយមានការចូលរួមពីឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងនៃអគ្គនាយកដ្ឋានចំណុះឱ្យក្រសួងបរិស្ថាន អគ្គធិការដ្ឋាន នាយកដ្ឋានចំណុះឱ្យអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ លោកប្រធាន/តំណាងមន្ទីរបរិស្ថានខេត្តចំនួន២១ តំណាងមន្ទីរចំណុះឱ្យរដ្ឋបាលខេត្តកែប អង្គការដៃគូអភិរក្ស និងមន្ត្រីឧទ្យានុរក្សមកពីខេត្តទាំង២១ សរុបចំនួន ២០០នាក់។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានស្វាគមន៍យ៉ាងកក់ក្តៅ និងអរគុណក្រសួងបរិស្ថាន ដែលបានជ្រើសរើសឧទ្យានជាតិកែប ខេត្តកែប ប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សពិភពលោក។ រដ្ឋបាលខេត្តកែប បាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយក្រសួងបរិស្ថាន ក្នុងការរៀបចំខេត្តកែបឱ្យមានភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តមអភិបាល ក៏បានលើកឡើងថាខេត្តកែបត្រូវបានទទួលស្គាល់ជាទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន ដែលធ្លាប់បានទៅទទួលពាន់រង្វាន់នៅប្រទេសព្រុយណេ ឥណ្ឌូនេស៊ីជាដើម។ ដូចនេះ រដ្ឋបាលខេត្តកែប នឹងបន្តរៀបចំខេត្តកែបឱ្យមានបរិស្ថានស្អាត ខ្យល់បរិសុទ្ធ និងទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនបន្ថែមទៀត។
លោកនេត វិបុលក្នុងនាមតំណាងអង្គការដៃគូរអភិរក្សរបស់ក្រសួងបរិស្ថានបានស្នើអោយក្រសួងបរិស្ថានរៀបចំទិវាមន្រ្តីឧទ្យានុរក្សអោយបានជារៀងរាល់ឆ្នាំ។ ក្នុងនាមអង្គការដៃគូរទាំងអស់ នឹងបន្តចូលរួមយ៉ាងសកម្មដើម្បីបុព្វហេតុការពារនិងអភិរក្សធនធានធម្មជាតិអោយមានចីរភាពស្របតាមយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន។
ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា មន្ត្រីឧទ្យានុរក្ស គឺជាអ្នកអនុវត្តជួរមុខ ដែលប្រែក្លាយគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងការអភិរក្សតំបន់ការពារធម្មជាតិ និងធនធានធម្មជាតិ ទៅជាសកម្មភាពនៅមូលដ្ឋាន ជាពិសេសការអនុវត្តយុទ្ធសាស្ត្រ«ភាពបៃតង» នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដូចជា ការរៀបចំថ្នាល និងបណ្តុះកូនឈើ សម្រាប់ចែកដល់សាធារណជន។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្ថែមថា ប្រធានបទទិវាឧទ្យានុរក្សឆ្នាំនេះ គឺ ៣០x៣០ មានន័យថា ៣០% នៃភពផែនដីត្រូវបានដាក់ជាតំបន់ការពារធម្មជាតិ និងការពារប្រកបដោយប្រសិទ្ធភាព នៅឆ្នាំ២០៣០។ ជាក់ស្តែង ប្រទេសកម្ពុជាមានតំបន់ការពារធម្មជាតិប្រមាណ ៤០% នៃផ្ទៃដីរួចទៅហើយ ហើយក្រសួងបរិស្ថាន បាននិងកំពុងជំរុញបង្កើនគម្របបៃតងដើម្បីក្លាយជាប្រទេសមានគម្រកព្រៃឈើ៦០% នៅឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានលើកទឹកចិត្ត និងថ្លែងអំណរគុណដល់មន្ត្រីឧទ្យានុរក្ស ដែលបានតស៊ូលះបង់ក្នុងកិច្ចការពារធនធានធម្មជាតិ ខិតខំបង្កើនគម្របបៃតង និងអនុវត្តច្បាប់១០០% លើបទល្មើសធនធានធម្មជាតិ។
ក្នុងទិវាមន្ត្រីឧទ្យានុរក្សពិភពលោកនេះ ក៏មានការសម្តែងដោយមន្ត្រីឧទ្យានុរក្សពីការចុះល្បាត ការដោះអន្ទាក់ ការបង្រ្កាបបទល្មើសធនធានធម្មជាតិ និងការប្តេជ្ញាចិត្តរបស់មន្ត្រីឧទ្យានុរក្សក្នុងការបម្រើការងារនិងអនុវត្តច្បាប់។ ក្នុងនោះដែរ គណៈអធិបតី និងអ្នកចូលរួមទាំងអស់ក៏បានចូលរួមដាំកូនឈើ នៅឧទ្យានជាតិកែបផងដែរ។
ជាមួយគ្នានេះ គណៈអធិបតី មន្ត្រីឧទ្យានុរក្សទាំង២១ខេត្ត និងអ្នកចូលរួមទាំងអស់ បានប្តេជ្ញាចិត្ត និងសូមគាំទ្រយ៉ាងពេញទំហឹងលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV-DTA៕