(កណ្តាល) ៖ ក្រោយមានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ធ ថាមានក្រុមក្មេងទំនើង ជាច្រើននាក់កំពង់ផ្តុំគ្នាជក់បារីអេឡិចត្រូនិក ភ្លាមនោះលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល និងជាគណៈបញ្ជាការឯកភាព បានចាត់លោក លីម ស៊ីលាង អភិបាលរង ស្រុក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះបង្ក្រាបកាលពីវេលាព្រឹកថ្ងៃទី១០ ខែសីហាឆ្នាំ២០២៤នៅចំណុចក្នុងទីតាំងអាហារដ្ធានមួយកន្លែងឈ្មោះ ប៉ីប៉ី ដែលស្ថិតនៅក្នុងភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានចំនួន៥២នាក់ ដើម្បីណែនាំនិងអប់រំ ។
លោក លីម ស៊ីលាង អភិបាលរងស្រុកខ្សាច់កណ្តាលបានប្រាប់អោយដឹងថា កម្លាំងគណៈបញ្ជាការឯកភាពស្រុកខ្សាច់កណ្តាលបានឃាត់ក្រុមក្នេងទំនើងចំនួនបាន៥២នាក់ ក្នុងនោះមានស្រីចំនួន២១នាក់ និងនាំយកទាំងមធ្យោបាយធ្វើដំណើរជាម៉ូតូចំនួន ២៧គ្រឿង មកកាន់អធិការដ្ធាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីធ្វើតេស្ត រកសារធាតុញៀន តែលទ្ធផល ក្មួយៗទាំង៥២នាក់គឺ អវិជ្ជមានទាំងអស់ ។
លោកអភិបាលរងស្រុកបន្ថែមថា ក្មេៗទាំង ៥២នាក់ បានប្រព្រឹតនូវទង្វើខុសឆ្គង ក្នុងកម្រិតស្រាល ទើបគណៈបញ្ជាការឯកភាពសម្រេច .អោយត្រឹមធ្វើកិច្ចសន្យាអប់រំគឺ :
-អោយស្តាប់តាមសេចក្តីណែនាំរបស់អាជ្ញាធរស្រុក ។
-បញ្ឈប់ការគេចវ៉េសម៉ោងសិក្សានៅក្នុងសាលា មកប្រមូលផ្តុំគ្នាធ្វើសកម្មភាព ជក់បារីអេឡិកត្រូនិក និងបញ្ឈប់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ។
-ចំពោះម្ចាសអាហារដ្ធាន ប៉ីប៉ី ត្រូវបញ្ឈប់ផ្តល់ទីតាំង និងត្រូវផ្តល់ព័ត៌មានជូនសមត្ថកិច្ចគ្រប់បទល្មើស ។
បន្ទាប់ពីធ្វើការអប់រំ ណែនាំនិងធ្វើកិច្ចសន្យារួច គណៈបញ្ជាការឯកភាព ក៏បានអញ្ជើញអាណាព្យាបាល មកធ្វើការធានាចំពោះកូនៗទាំង៥២នាក់ និងបានអនុញ្ញាតិអោយវិលត្រឡប់ទៅផ្ទះវិញ ។
លោកអភិបាលរងបញ្ជាក់យ៉ាងច្បាស់ៗថា គណ:បញ្ជាការឯកភាព រួមនិងអាជ្ញាធរ គឺនៅតែបន្តតាមដានគ្រប់សកម្មភាពរបស់ក្មួយៗទាំងអស់ មិនបន្ធូរដៃឡើយ បើក្រោយការធ្វើកិច្ចសន្យារួចហើយ នៅតែមានលួចប្រព្រឹតកំហុសឆ្គងទៀត នោះគណ:បញ្ជាការឯកភាពស្រុក មិនអត់អោនឬយោកយល់ទៀតឡើយ គឺត្រូវតែ អនុវត្តតាមបទបញ្ញតិច្បាប់ជាធរមាន ៕