(ខេត្តកំពង់ស្ពឺ) ៖ ម្ចាស់គោសម្រេចចិត្តដាក់ពាក្យបណ្តឹងលោកមេភូមិតាមុំ ឈ្មោះ ឆន ឈៀង អាយុ៦២ឆ្នាំ ដើម្បីឱ្យសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិឃុំមនោរម្យជួយអន្តរាគមន៍ និងធ្វើការដោះស្រាយ ខណៈដែលមេភូមិតាមុំ រូបនោះយកមេគោចំនួន៣ក្បាល ក្រោយពីម្ចាស់បានប្រវ៉ាស់ឱ្យចិញ្ចឹមបានកូនចែកគ្នាម្នាក់១ក្បាលក្នុង១ឆ្នាំ។ ប៉ុន្តែមេភូមិតាមុំ រូបនោះបែរជាយកមេគោទាំង៣ក្បាលនោះយកទៅលក់បាត់ មិនប្រាប់ម្ចាស់គោឡើយ។ ហើយម្ចាស់គោទាមទារសំណងជំងឺចិត្តចំនួន៧០០០ដុល្លារ ពីលោកមេភូមិតាមុំ ដើម្បីបញ្ចប់រឿង។

បើតាមការឱ្យដឹងពីលោក លី លាវ អាយុ៦២ឆ្នាំ រស់នៅក្នុងភូមិតាមុំ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ប្រាប់អ្នកយកព័ត៌មានថា ដោយមានការរាប់អានគ្នា ហើយគិតថាលោកមេភូមិជាថ្នាក់ដឹកនាំ និងជាឪពុកម្ដាយ របស់ប្រជាពលរដ្ឋផងនោះ ទើបលោកព្រមប្រវ៉ាស់មេគោចំនួន៣ក្បាល កាលពីអំឡុងដើមឆ្នាំ២០២៤ ដោយព្រមព្រៀងគ្នាពេលបានកូនចែកគ្នាស្មើ មានន័យថា ម្នាក់១ ពេលមេគោបានកើតកូននោះ។ ក្រោយពេលប្រវ៉ាស់បាន៤ទៅ៥ខែ មេភូមិតាមុំ ឈ្មោះ ឆន ឈៀង អាយុ៦២ឆ្នាំ បានទូរស័ព្ទប្រាប់ថា មេគោទាំង៣ក្បាលនោះ គាត់បានយកទៅស្រុកលិចហើយ មានគេអ្នកមើលថែបន្ត។ ម្ចាស់គោនិយាយតបថា បងយកទៅណាយកទៅ ប៉ុន្តែមានរឿងអីកើតឡើងបងជាអ្នកទទួលខុសត្រូវហើយ លោក ឆន ឈៀង មេភូមិតាមុំក៏យល់ព្រម។

លោក លី លាវ ម្ចាស់គោបានប្រាប់អ្នកយកព័ត៌មានបន្តថា ដោយបាត់ដំណឹងរឿងបាត់គោហើយមិនឃើញមានបានកូនចែកគ្នាសោះ រហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឈ្មោះ ឆន ឈៀង អាយុ៦២ឆ្នាំ ដែលគេស្គាល់ច្បាស់ថាជាមេភូមិតាមុំ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានធ្វើកិច្ចសន្យារួមគ្នាជាមួយស្ត្រីម្នាក់ទៀតមានឈ្មោះ ហិន សុជាតិ អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិព្រៃញាប ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានព្រមព្រៀងធ្វើកិច្ចសន្យាសងប្រាក់ថ្លៃគោញី៣ក្បាល ចំនួន3500$(បីពាន់ប្រាំរយដុល្លារ)(ប្រវ៉ាស់ហើយធ្វើឱ្យបាត់) ឱ្យទៅឈ្មោះ លី លាវ ភេទប្រុសអាយុ៦២ឆ្នាំ រស់នៅភូមិតាមុំ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាម្ចាស់គោ។ខ្ញុំបាទ-នាងខ្ញុំសូមធ្វើកិច្ចសន្យាដូចខាងក្រោម÷
១- ប្រគល់លុយឱ្យគ្រប់ចំនួន3500$(បីពាន់ប្រាំរយដុល្លារ)នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។
២- បើដល់ថ្ងៃកំណត់មិនប្រគល់ឱ្យទៅម្ចាស់គោតាមកិច្ចសន្យានោះទេ ខ្ញុំបាទ-នាងខ្ញុំព្រមប្រគល់ខ្លួនឱ្យទៅសមត្ថកិច្ចតាមនិតិវិធីផ្លូវច្បាប់។
– កិច្ចសន្យានេះខ្ញុំបាទ-នាងខ្ញុំយល់ព្រមធ្វើដោយខ្លួនឯងដោគ្មានការបង្ខិតបង្ខំពីនរណាម្នាក់ឡើយ។
– ក្រែងពុំពិតប្រាកដខ្ញុំបាទ-នាងខ្ញុំ សូមផ្តិតមេដៃស្តាំជាភស្តុតាងនៅខាងក្រោមនេះស្រាប់។

លោក លី លាវ បានបញ្ជាក់ទៀតថា លុះដល់ថ្ងៃកំណត់បុគ្គលទាំងពីរនាក់នោះមិនបានបានប្រគល់លុយ ហើយមិនគោរពតាមកិច្ចសន្យានោះឡើយ ទើបនៅង្ងៃទី៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះលោកសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅប៉ុស្តិនគរបាលរដ្ឋបាលឃុំមនោរម្យដើម្បីឱ្យជួយអន្តរាគមន៍ រកយុត្តិធម៌និងជួយដោះស្រាយរឿងនេះ ថែមទាំងទាមទារជំងឺចិត្តចំនួន៧០០០ដុល្លារដើម្បីបញ្ចប់រឿងផងដែរ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed