(ខេត្តកំពង់ស្ពឺ) ៖ កម្លាំងសមត្ថកិច្ចចម្រុះល្បាតតាមគោលដៅសំខាន់ៗ និងស្មុគស្មាញក៏ប្រទះឃើញឈើម្រេញឡាំងរួចមុខកាត់ធំៗចំនួន៤ដុំដែលឈ្មួញយកទៅលាក់ទុកក្នុងព្រៃក្បែរចំការមួយកន្លែងតាមបណ្តោយផ្លូវលំ ដែលឈ្មួញបម្រុងដឹកយកទៅលក់បន្ត សមត្ថកិច្ចនិងជំនាញកំពុងតែធ្វើការស្រាវជ្រាវរកម្ចាស់ឈើនោះហើយ។
ការប្រទះឃើញឈើ៤ដុំដែលឈ្មួញបំផ្លាញព្រៃឈើយកទៅលាក់ទុកបម្រុងដឹកយកទៅលក់បន្តនោះបានកាលពីព្រលប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ចំណុចព្រៃក្បែចំការមួយកន្លែង តាមផ្លូវលំ ស្ថិតនៅក្នុងភូមិអូរតាពូង ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចស្រុកបានឱ្យដឹងថា នៅមុនពេលប្រទះឃើញឈើចំនួន៤ដុំនេះគឺ គណបញ្ជាការឯកភាព រដ្ឋបាលស្រុកបសេដ្ឋបានដឹកនាំកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ និងកម្លាំងប៉ុស្តិ៍ភក្តីល្បាតតាមតំបន់ស្មុគស្មាញ ក៏ប្រទះឃើញឈើចំនួន ០៤ដុំ (ប្រភេទឈើម្រេញ) មានមុខទំហំធំៗ។ ក្រោយពីប្រទះឃើញ បានរាយការណ៍ទៅជំនាញរដ្ឋបាលព្រៃឈើ ចុះមកធ្វើការវាស់វែង ឈើចំនួន៤ដុំនោះ សរុបស្មើនឹង ២,១២៣ ម៉ែត្រគូប។
សមត្ថកិច្ចបានបន្តថា ឈើប្រភេទម្រេញ៤ដុំដែលប្រទះឃើញនេះ គឺ
ឈ្មួញរកស៊ីដឹកឈើ បានលាក់ទុកក្នុងព្រៃក្បែចំការស្វាយមួយកន្លែង ស្ថិតក្នុងភូមិអូរតាពូង ឃុំភក្តី ស្រុកបសេដ្ឋនេះ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងប្រទះឃើញឈើនេះ បង្ហើបថាទីតាំងខាងលើនេះជាកន្លែងស្តុកឈើយូរឆ្នាំមកហើយ លើកដាក់លើកដាក់ ដឹកជញ្ជូនតាមគោយន្តផង និងតាមរថយន្តផង។ គេមិនដឹងថាឈ្មួញដឹកជញ្ជូនឈើនេះចេញពីតំបន់ណាមកនោះទេ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះ ជំនាញរដ្ឋបាលព្រៃឈើមានតាំងពីសង្កាត់គីរីវ័ន្ត សង្កាត់ត្រែងត្រយឹង សង្កាត់បសេដ្ឋ និងផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋថែមទៀតផងនោះ តើហេតុអ្វីបានជាគ្មានឆន្ទៈក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បែរជាទុកឱ្យគណបញ្ជាការឯកភាពស្រុក ចុះល្បាតហើយរាយការណ៍ទៅអស់លោកជំនាញទៅវិញ?។
ក្រោយធ្វើការរឹបអូសឈើទាំង៤ដុំនោះ
ចំពោះវត្ថុតាងឈើខាងលើ គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកបានប្រគល់ជូនទៅរដ្ឋបាលព្រៃឈើស្រុកបសេដ្ឋ ដើម្បីចាត់ការបន្តរតាមច្បាប់រដ្ឋបាលព្រៃឈើ៕