(ខេត្តកំពង់ស្ពឺ) ៖ លោកជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា បញ្ហាចែកចាយ ជួញដូរគ្រឿងញៀននិងក្រុមក្មេងទំនើងគឺជាបញ្ហារួមដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់និងចូល រួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ឱ្យបានតឹងរឹងក្នុងមូលដ្ឋានដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសគឺកសាងទំនុកពីប្រជាពលរដ្ឋលើការដឹកនាំរបស់អាជ្ញាធរស្រុក ឃុំនិងសមត្ថកិច្ចគ្រប់ប្រភេទរបស់យើង។  ការជម្រុញរបស់លោកអភិបាលខេត្តនេះធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ គ្រាដែលអាជ្ញាធរស្រុករាយការណ៍ថា នៅមានការប្រឈមខ្លះៗជាមួយបញ្ហាជួញដូរគ្រឿងញៀននិងក្រុមក្មេងទំនើង ។

អភិបាលខេត្តកំពង់ស្ពឺ ជាម ចន្ទ័សោភ័ណ មានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងតឹងរឹងដល់ថ្នាក់ដឹកនាំរាជធានី ខេត្តក្នុងការបំផុស ដាស់តឿនប្រជាពលរដ្ឋទូទៅ ពិសេសយុវជន យុវនារី បងប្អូនកម្មករ កម្មការិនី និស្សិត និងសិស្សានុសិស្សទាំងអស់ សូមឱ្យបន្តស្វែងយល់ថែមទៀតអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ ដែលបង្កឡើងដោយសារធាតុញៀន ក៏ដូចជាការចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើតជាចលនាជាតិមួយចាត់ទុក បញ្ហាគ្រឿងញៀនជាបញ្ហារួមនឹងត្រូវចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ទាំងអស់គ្នា។

លោកអភិបាលខេត្តមានប្រសាសន៍បន្តថា បញ្ហាគ្រឿងញៀននេះហើយដែលផ្តើមឱ្យមានបទល្មើសនានានៅក្នុងមូលដ្ឋាន រួមទាំងបទល្មើសចោរលួច ចោរប្លន់ គ្រោះ ថ្នាក់ចរាចរណ៍និងក្មេងទំនើងផងដែរ ដូច្នេះដើម្បីឈានទៅលុបបំបាត់ការផ្គត់ផ្គង់គ្រឿងញៀនខុសច្បាប់ លុបបំបាត់គ្រោះថ្នាក់ដែលពាក់ព័ន្ធនិងការប្រើប្រាស់គ្រឿងញៀន ការពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តឱ្យបានសកម្ម និងជាប់ជាប្រចាំ ដើម្បីឈានទៅសម្រេចបាននូវគោលដៅអនុវត្តផែនការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក៏ដូចជាការកសាងបាននូវសហគមន៍និងជីវភាពសង្គមគ្មានគ្រឿងញៀន។

លោកអភិបាលខេត្តកំពង់ស្ពឺ បានដាក់ ចេញនូវវិធានការចំនួន៥ចំនុចដោយចាប់ផ្តើមពីពេលនេះ ទីកន្លែងនេះគឺកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងប្រជាការពារ ពិសេសកម្លាំងមូលដ្ឋានប៉ុស្តិ៍ រដ្ឋបាលនគរបាល ត្រូវប្រើប្រាស់នូវវិធានការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត តាមរយៈវេទិកាផ្សព្វផ្សាយ គោលនយោបាយភូមិឃុំមានសុវត្ថភាព។ ត្រូវតាមដាន និងគ្រប់គ្រងឱ្យបាននូវមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន គ្រប់ប្រភេទ ក្រុមមុខសញ្ញាក្មេងទំនើង ល្បែងស៊ីសង ការរាប់រានដីព្រៃរបស់រដ្ឋដែលមាននៅក្នុងសហគមន៍និងឈានដល់ការបង្ក្រាបនៅនឹងកន្លែង និងទាន់ពេលវេលា ឬចាត់វិធានការ បង្ក្រាបឱ្យខានតែបានតាមដីកា តុលាការ។ ត្រូវកសាងឯកសារឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងទាន់ពេលវេលា ស្នើសុំដីកាតុលាការដើម្បីបង្ក្រាបមុខសញ្ញាទាំងនេះឱ្យអស់ពីក្នុងមូលដ្ឋាននិងសហគមន៍។អាជ្ញាធរភូមិឃុំស្រុក ត្រូវចូលរួមឱ្យបានសកម្ម ជាមួយ នឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសត្រូវបំផុសប្រជាពលរដ្ឋឱ្យចូលរួមក្នុងសកម្មភាពនេះ ឱ្យបានច្រើននិងមានប្រសិទ្ធិភាព។ជាមួយនោះអាជ្ញាធរមូលដ្ឋានក៏ត្រូវណែនាំដល់ពលរដ្ឋដែលជាអាណាព្យាបាលទាំងអស់ ឱ្យបន្តតាមដានសកម្មភាពនិងណែនាំកូនរបស់ខ្លួនឱ្យមានការយល់ដឹងនិងគេចផុតពីប្រើប្រាស់គ្រឿងញៀននិងក្មេងទំនើង។

អភិបាលខេត្តកំពង់ស្ពឺ បានសង្កត់ធ្ងន់ថា និងមិនមានការយោគយល់ឬលើកលែងជាដាច់ខាតចំពោះករណីល្មើសខាងលើនេះ ទោះអ្នកប្រព្រឹត្តិជាសាច់ញ្ញាតិឬកូន ចៅអភិបាលរងខេត្ត មន្ត្រីកងកម្លាំងប្រដាប់អាវុធ ចៅហ្វាយស្រុក មេឃុំ ស្មៀន។ ទន្ទឹមនោះ លោកនឹងចាត់ វិធានការយ៉ាងតឹងរឹងបំផុតចំពោះបុគ្គលដែលមានសមត្ថកិច្ចណាលូកដៃចូលអន្តរាគមន៍ក្នុងបទល្មើសទាំងអស់ខាងលើនេះ។

សូមបញ្ជាក់ផងដែរថា នៅក្នុងស្រុកភ្នំស្រួចក្នុងរយៈពេល៣ខែកន្លងមកនេះ កើតមានបទល្មើសព្រហ្មទណ្ឌ១៩ករណី ឃាត់ខ្លួនមនុស្ស២៨នាក់ ។ បទល្មើសគ្រឿងញៀន១០ករណីឃាត់ខ្លួនមនុស្ស២១នាក់ ស្រី៥នាក់។ ជាមួយនិងបទល្មើសនេះដែរ នៅឆមាសទី១នៃឆ្នាំ២០២៤ស្រុកភ្នំស្រួចមានក្រុមក្មេងទំនើង១២ក្រុមសមាជិក៦៦នាក់ស្រី២នាក់តែងតែបង្កអសន្តិសុខក្នុងមូលដ្ឋាន ហើយនៅក្នុងខែកក្កដានេះក្មេងទំនើងបានធ្លាក់មកនៅត្រឹម៩ក្រុម មានសមាជិក៣៥នាក់ដែលសមត្ថកិច្ចបាននិងកំពុងតាមប្រម៉ាញ់ថែមទៀតផង៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *