(ភ្នំពេញ ) ៖លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួល ជួបពិភាក្សាការងារជាមួយ លោក LEUNG Chun Ying ប្រធានមូលនិធិ GX និងជាអនុប្រធាន គណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន អមដោយលោក Wang Wenbin (វ៉ាង វិនពីន) ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នារវាងមូលនិធិ GX និងក្រសួង សុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
ជំនួប រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃកម្ពុជានិង លោក LEUNG Chun Ying បានធ្វើឡើងកាលពីរសៀលថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសុខាភិបាល ។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែករបស់ មូលនិធិ GX Foundation នៅក្នុងការគាំទ្រទៅដល់វិស័យសុខាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសការរួមចំណែករបស់មូលនិធិ នៅក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្តាខេត្តគោលដៅមួយចំនួន។
ជាការឆ្លើយតប លោក ប្រធានមូលនិធិ GX បានសម្តែងនូវការអរគុណជូនចំពោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់មូលនិធិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល។
ភាគីទាំងពីរ បានជួបពិភាក្សានិងឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងមូលនិធិ GX និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់គម្រោងលុបបំបាត់ភាពងងឹតដោយជំងឺភ្នែកឡើងបាយ នៅខេត្តកំពង់ស្ពឺ ដែលគម្រោងនេះនឹងរួមចំណែកដ៏សំខាន់ក្នុងការលើកកំពស់ប្រព័ន្ធសេវាសុខាភិបាល ឈានទៅសម្រេចគោលដៅលុបបំបាត់ភាពពិការភ្នែកដែលអាចបង្ការបាន នាឆ្នាំ២០៣០ នៅកម្ពុជា ព្រមទាំងឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ពោលគឺគ្មាននរណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាពនោះទេ។
ចុងបញ្ចប់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ជាពិសេសមូលនិធិ GX ដែលបានចូលរួមចំណែក ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល សំដៅលើកកម្ពស់សុខុមាលភាព គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕